(ហ្សាការតា)៖ ក្រុមអ្នកស៉ើបអង្កេតឧបទ្ទវហេតុផ្លូវអាកាសរបស់ប្រទេសឥណ្ឌូណេស៉ី បានបញ្ជូនបំណែកមួយចំនួន នៃយន្តហោះដឹកអ្នកដណើររបស់អាកាសចរណ៍ ស្រ៊ីវីចាយ៉ា (Sriwijaya) ដែលធ្លាក់ចូលសមុទ្រកាលពីខែមុន ទៅកាន់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស សម្រាប់ការត្រួតពិនិត្យបន្ថែម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១។
លោក សឺចាន់តូ ចាចូណូ (Soerjanto Tjahjono) ប្រធានគណៈកម្មាធិការជាតិ ផ្នែកសុវត្ថិភាពដឹកជញ្ជូនរបស់ឥណ្ឌូណេស៊ី ហៅកាត់ថា KNKT បានប្រាប់ថា បំណែកមួយចំនួនដែលត្រូវបានបញ្ជូនចេញទៅក្រៅប្រទេស សម្រាប់ការត្រួតពិនិត្យបន្ថែម គឺដើម្បីជួយស្វែងរកមូលហេតុពាក់ព័ន្ធនឹងចម្ងល់មួយចំនួន។ ប្រអប់ខ្មៅប្រភេទកត់ត្រាទិន្នន័យហោះហើរ (FDR) គឺត្រូវបានរកឃើញ និងពិនិត្យដោយក្រុមអ្នកស៉ើបអង្កេតហើយ ប៉ុន្តែប្រអប់ខ្មៅមួយទៀតដែលមានតួនាទីសម្រាប់កត់ត្រាសំឡេង (CVR) កំពុងបន្តស្ថិតក្រោមការស្វែងរកដដែល។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ យន្តហោះ Boeing 737-500 ដែលមានអាយុកាលប្រើប្រាស់ ២៦ឆ្នាំមកហើយនោះ បានធ្លាក់ចូលទៅក្នុងសមុទ្រជ្វា ក្រោយហោះចេញពីរដ្ឋធានីហ្សាការតាបានតែប៉ុន្មាននាទីប៉ុណ្ណោះ ហើយគ្រោះថ្នាក់នេះបានបណ្តាលឲ្យមនុស្សទាំងអស់ ៦២នាក់ ដែលជិះលើនោះបាត់បង់ជីវិត។ គណៈកម្មាធិការ KNKT គ្រោងចេញរបាយការណ៍បឋម ជុំវិញគ្រោះថ្នាក់ធ្លាក់យន្តហោះខាងលើ ក្នុងពេលឆាប់ៗ ពោលគឺអាចនៅថ្ងៃទី០៩ ខែកុម្ភៈ៕