(យ៉ាងហ្គន)៖ ប៉ុន្មានថ្ងៃ មុននឹងការបោះឆ្នោតសកល កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ចូលមកដល់ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង (Min Aung Hlaing) បានធ្វើការអត្ថាធិប្បាយលាយឡំជាមួយសារព្រមានជាច្រើន ដែលធ្វើឱ្យគេសង្ស័យថា លោកនឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតឡើយ។ លោកបានចោទប្រកាន់រដ្ឋាភិបាលរបស់លោកស្រី អោង សាន ស៊ូជី ថាបានប្រព្រឹត្តកំហុសឆ្គងមួយដ៏ធំមិនអាចទទួលយកបាន តែមិនបានបញ្ជាក់ថាជាកំហុសអ្វីឡើយ ក្រៅតែពីនិយាយថា «យើងកំពុងស្ថិតក្នុងស្ថានភាព ដែលយើងចាំបាច់ត្រូវប្រុងប្រយ័ត្ន ចំពោះលទ្ធផលបោះឆ្នោត»។
លទ្ធផលបោះឆ្នោត បានបង្ហាញថា គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ជាអ្នកទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី រហូតដល់ទៅ ៨៣ភាគរយ ឬស្មើនឹង ៣៩៦អាសនៈ ក្នុងចំណោមអាសនៈសរុបដែលមាននៅក្នុងសភា។ គណៈកម្មការជាតិរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា បានប្រកាសថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌ រីឯសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏បានជំរុញឱ្យយោធាទទួលស្គាល់ លទ្ធផលបោះឆ្នោតនេះដែរ។ តែទោះជាយ៉ាងណា លោក មីន អោងហ្លេង កាលពីថ្ងៃពុធសប្ដាហ៍មុន បានចោទប្រកាន់ថា ការបោះឆ្នោតនេះត្រូវបានលួចបន្លំ ហើយថែមទាំងគំរាមថា ខ្លួននឹងចាត់វិធានការឆ្លើយតប ក្នុងនោះរួមមានទាំងលុបចោល ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទៀតផង ដែលនេះកាន់តែធ្វើឱ្យគេគ្រប់គ្នាបារម្ភថា «រដ្ឋប្រហារ» អាចនឹងផ្ទុះឡើង។
រហូតដល់ថ្ងៃចន្ទសប្ដាហ៍នេះ ទើបការគំរាម និងការព្រួយបារម្ភទាំងនេះក្លាយជាការពិត ដោយយោធាមីយ៉ាន់ម៉ា បានចាប់ឃុំខ្លួនលោកស្រី អោង សាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៃរដ្ឋាភិបាលរបស់លោកស្រី។ ក្រោយការចាប់ខ្លួនលោកស្រី ស៊ូជី យោធាបានប្រកាស «ដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេលមួយឆ្នាំ» ព្រមទាំងផ្ទេរអំណាចគ្រប់យ៉ាងទៅឱ្យលោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង ហើយបានសន្យាថានឹងរៀបចំការបោះឆ្នោតដ៏យុត្តិធម៌មួយ បន្ទាប់ពីការបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន។
តើការសន្យារៀបចំការបោះឆ្នោតនេះ គឺជាការត្រួសត្រាយផ្លូវឱ្យលោក មីន អោង ហ្លេង ក្លាយជាប្រធានាធិបតី ឬក៏លោកចង់យកគំរូតាមនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ដោយលាលែងពីតំណែងជាយោធា ទៅដឹកនាំរដ្ឋាភិបាលស៊ីវិល វិញ?
*មហិច្ឆតាចង់ធ្វើជាប្រធានាធិបតី?
អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង ដែលច្បាប់តម្រូវឱ្យចូលនិវត្តន៍ពីយោធា នៅពេលលោកឈានចូលវ័យ ៦៥ឆ្នាំ នៅខែកក្កដា ឆ្នាំ២០២១នេះ បានចិញ្ចឹមចិត្តចង់ក្លាយជាប្រធានាធិបតីមីយ៉ាន់ម៉ា ជាយូរណាស់មកហើយ។ នេះបើតាមលោកស្រី Melissa Crouch ជាសាស្ត្រចារ្យម្នាក់ មកពីមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យ New South Wales ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
នៅក្រោមរដ្ឋធម្មនុញ្ញ កាលពីឆ្នាំ២០០៨ យោធាមីយ៉ាន់ម៉ា មានអាសនៈនៅក្នុងសភា ២៥ភាគរយ ឬ១៦៦អាសនៈស្រាប់ដោយស្វ័យប្រវត្តិនៅក្នុងដៃ ដោយមិនចាំបាច់ ឆ្លងកាត់ការបោះឆ្នោត ហើយគណបក្ស USDP ដែលស្និទនឹងយោធា ត្រូវរកឱ្យបាន១៦៧អាសនៈទៀត ដើម្បីតែងតាំងលោក មីន អោង ហ្លេង ជា «ប្រធានាធិបតី»។ ក៏ប៉ុន្តែ គណបក្សមួយនេះ ទទួលបានអាសនៈត្រឹមតែ ៣៣ប៉ុណ្ណោះ នៅក្នុងអាសនៈសភាដែលមាន ៤៩៨ ខណៈគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់ លោកស្រី ស៊ូជី ទទួលបានរហូតដល់ទៅ ៣៩៦អាសនៈឯណោះ។
លោកស្រី Melissa Crouch បាននិយយថា រដ្ឋប្រហារ កាលពីថ្ងៃចន្ទ កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងសភាថ្មីរបស់មីយ៉ាន់ម៉ា ត្រូវបើកសម័យប្រជុំលើក ដំបូង ដែលនេះបានធ្វើឱ្យយោធា គ្មានជម្រើសអ្វីផ្សេងទៀតនោះទេ ដើម្បីដណ្ដើមកៅអីប្រធានាធិបតី។ លោកស្រី Melissa បានសង្កត់ធ្ងន់ដូច្នេះថា៖ «ដើម្បីយក ការិយាល័យ និងកៅអីប្រធានាធិបតី ត្រឡប់មកក្នុងដៃរបស់ពួកគេ (យោធា) ពួកគេគ្មានជម្រើសអ្វីផ្សេងក្រៅតែធ្វើសកម្មភាពក្រៅច្បាប់ឡើយ...ហើយនៅក្នុងពេល កំណត់មួយឆ្នាំ ពួកគេនឹងរៀបចំឱ្យមានការបោះឆ្នោតថ្មីមួយ។ បើសិនជាគណបក្ស USDP ទទួលបានជោគជ័យដោយប្រមូលបានអាសនៈគ្រប់គ្រាន់ នោះវាអាចទៅរួច ថាលោក មីន អោង ហ្លេង នឹងក្លាយជាប្រធានាធិបតី»។
*ការសម្រេចចិត្តដ៏លំបាក
បើតាមក្រុមអ្នកវិភាគដទៃ ផលប្រយោជន៍របស់ស្ថាប័នយោធា ក៏អាចមានជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារផងដែរ។ លោកស្រី Bridget Welsh ជាអ្នកស្រាវជ្រាវម្នាក់ មកពីវិទ្យាស្ថានស្រាវជ្រាវអាស៊ី នៃសាកលវិទ្យាល័យ University of Nottingham ក្នុងប្រទេសម៉ាឡេស៊ី យល់ឃើញថា ជ័យជម្នះរបស់គណបក្សលោកស្រី ស៊ូជី អាចនឹងធ្វើឱ្យតំណែង ឬតួនាទីរបស់យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា រង្គោះរង្គើរ។
លោកស្រីបន្តថា អាសនៈកូតាដែលមានស្រាប់ដោយស្វ័យប្រវត្តិនៅក្នុងដៃ បានផ្ដល់សិទ្ធិអំណាចឱ្យយោធាមីយ៉ាន់ម៉ា បោះឆ្នោតវេតូជំទាស់នឹងការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញណាមួយ។ ប៉ុន្តែ តំណែង ឬតួនាទីរបស់ពួកគេអាចនឹងកាន់តែទន់ខ្សោយ នៅពេលពួកគេគ្មានសំឡេងភាគច្រើន ក្នុងការជំទាស់ ឬអនុម័តច្បាប់ដទៃ ដែលនេះនឹងបង្កើតជាបញ្ហាប្រឈមនានា ចំពោះតំណែង និងអំណាចរបស់យោធានៅមីយ៉ាន់ម៉ា។
ម្យ៉ាងវិញទៀត ខណៈលោក មីន អោង ហ្លេង បានធ្វើរដ្ឋប្រហារដោយជោគជ័យ ក្រុមអ្នកឃ្លាំមើល យល់ថាវានៅតែមានសំនួរជាច្រើនត្រូវចោទពីសមត្ថភាពរបស់លោក និងយោធា ដើម្បីរក្សាអំណាច។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) បានឱ្យដឹងថា លោកស្រី អោង សាន ស៊ូជី បានអំពាវនាវឱ្យប្រជាជនមីយ៉ាន់ម៉ាទាំងអស់ កុំទទួលស្គាល់រដ្ឋប្រហារ ហើយក្រោកឈរឡើងធ្វើបាតុកម្មតវ៉ាផងដែរ។
បើតាមក្រុមអ្នកវិភាគ និងអ្នកឃ្លាំមើលស្ថានការណ៍នៅមីយ៉ាន់ម៉ា យុវជនមីយ៉ាន់ម៉ាភាគច្រើន ដែលទទួលយកការរស់នៅក្រោមប្រព័ន្ធប្រជាធិបតេយ្យ និងបើកចំហ អាចនឹងឆ្លើយតប «ជាវិជ្ជមាន» ទៅនឹងការអំពាវនាវរបស់លោកស្រី ស៊ូជី។ លោក Jay Harriman ជាអ្នកវិភាគម្នាក់មកពីក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្ត្រ BowerGroupAsia បានគូសបញ្ជាក់ដូច្នេះថា៖ «មនុស្សភាគច្រើន ជាពិសេសគឺយុវជន ប្រហែលជាមិនគាំទ្រការធ្វើរដ្ឋប្រហារឡើយ...វាអាចនឹងក្លាយជាការសម្រេចចិត្តដើម្បីរស់ ឬក៏ស្លាប់។ ពួកគេធ្លាប់បានធ្វើសកម្មភាពតស៊ូ នៅពេលយោធាកាន់អំណាចនៅឆ្នាំ១៩៨៨ ដោយនៅពេលនោះ មនុស្សរាប់ពាន់នាក់បានស្លាប់ នៅក្នុងការបង្រ្កាប ដោយយោធា។ ដូច្នេះ អ្វីដែលកំពុងកើតឡើង អាចនឹងដាស់សតិរបស់ពួកគេ ហើយពួកគេនឹងគិតពីអ្វីដែលជាការឆ្លើយតបដ៏សក្តិសម»។
គួរបញ្ជាក់ថា ក្រោយការធ្វើរដ្ឋប្រហារ យោធាមីយ៉ាន់ម៉ា បានដាក់ «ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ» រួមជាមួយបម្រាមគោចរចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៦ព្រឹក។ មិនតែប៉ុណ្ណោះ យោធាក៏បានប្រកាសដែរថា រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រី ២៤រូប នៃរដ្ឋាភិបាលលោកស្រី ស៊ូជី ត្រូវបានដកតំណែង ហើយតែងតាំងមនុស្ស១១រូប ឱ្យកាន់តំណែងថ្មី នៅក្នុងក្រសួងហិរញ្ញវត្ថុ, សុខាភិបាល, មហាផ្ទៃ, ការបទេស និងក្រសួងការព័ត៌មាន ជាដើម៕
ប្រភព៖ CNN និង Al jazeera