(បាងកក)៖ យុវជនថៃចំនួន ០៣នាក់ត្រូវបានប៉ូលិសចាប់ខ្លួន កំឡុងការធ្វើបាតុកម្មនៅថ្ងៃអង្គារនេះ នៅពីមុនស្ថានទូតសហភាពមីយ៉ាន់ម៉ា ក្នុងទីក្រុងបាងកក មួយថ្ងៃបន្ទាប់ពីមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អោង សាន ស៊ូជី និងថ្នាក់ដឹកនាំរដ្ឋាភិបាលស៊ីវិលមួយចំនួនទៀត ត្រូវបានចាប់ឃុំខ្លួន ហើយអំណាចគ្រប់យ៉ាងត្រូវបានប្រគល់ឲ្យអគ្គមេបញ្ជាយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង ជាអ្នកគ្រប់គ្រងវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នារសៀលថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១។
យុវជនថៃទាំង ០៣នាក់ដែលត្រូវបានប៉ូលិសចាប់ខ្លួនខាងលើនេះ មានអាយុចាប់ពី ២០ឆ្នាំ ដល់ ២១ឆ្នាំ។ អាជ្ញាធរប៉ូលិសថៃបានអះអាងថា សមត្ថកិច្ចបានព្យាយាមរារាំងក្រុមបាតុករមិនឲ្យប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ប៉ុន្តែពួកគេមួយចំនួនបានគប់វត្ថុនានា មកលើកងកម្លាំងប៉ូលិស ដែលជាហេតុបង្ខំឲ្យអាជ្ញាធរមានសមត្ថកិច្ច ធ្វើការបង្ក្រាប និងចាប់ខ្លួនក្រុមអ្នកបង្កហិង្សានោះតែម្តង។ យុវជនទាំង ០៣នាក់នេះបានរងការចោទប្រកាន់ ពីបទបំផុសបំផុលឲ្យមានបាតុកម្ម និងអំពើហិង្សា ប្រឆាំងនឹងបំរាមរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ COVID-19។
គួរបញ្ជាក់ថា ប្រទេសថៃដែលជាអ្នកជិតខាងរបស់មីយ៉ាន់ម៉ា មិនបានធ្វើការអត្ថាធិប្បាយអ្វីច្រើនឡើយ ជុំវិញអ្វីដែលអន្តរជាតិចោទថា ជារដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ានោះ។ ទោះជាយ៉ាងនេះក្តី ក្រោយការព្រឹត្តិការណ៍ដ៏ក្តៅគគុកបានកើតឡើងនៅមីយ៉ាន់ម៉ា ឧបនាយករដ្ឋមន្ត្រីថៃលោក ប្រាវីត វង្សស៊ូវ៉ុន (Prawit Wongsuwon) បានថ្លែងយ៉ាងខ្លីថា «វាជាកិច្ចការផ្ទៃក្នុងរបស់ពួកគេ (មីយ៉ាន់ម៉ា)»៕