(សៀងហៃ)៖ ប៉ូលិសចិន បានចាប់ខ្លួនមនុស្សច្រើនជាង ៨០នាក់ និងរឹបអូសបានវ៉ាក់សាំង COVID-19 ក្លែងក្លាយ ៣,០០០ដូស នៅក្នុងប្រតិបត្តិការបង្ក្រាបការផលិត និងចែកចាយវ៉ាក់សាំងក្លែងក្លាយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១។
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរបានឱ្យដឹងទៀតថា ក្រុមជនសង្ស័យខាងលើ បានលួចលក់វ៉ាក់សាំងក្លែងកា្លយតាំងតែពីខែកញ្ញា ឆ្នាំ២០២០មកម្ល៉េះ។ វ៉ាក់សាំងក្លែងក្លាយត្រូវបានផលិតឡើង ដោយការចាក់បញ្ចូលសូលុយស្យុងអំបិលក្នុងសឺរ៉ាង ហើយមិនតែប៉ុណ្ណោះក្រុមជនសង្ស័យ ក៏មានបំណងនាំចេញវ៉ាក់សាំងទាំងនេះ ទៅក្រៅប្រទេសផងដែរ។
គួរបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាបវ៉ាក់សាំងខាងលើ ធ្វើឡើងនៅតាមទីតាំងជាច្រើន ក្នុងនោះរួមមានទាំងទីក្រុងប៉េកាំង, ទីក្រុងសៀងហៃ និងខេត្តសានទុងជាដើម៕