(ហាណូយ)៖ អាជ្ញាធរវៀតណាម នៅថ្ងៃចន្ទនេះ បានសម្រេចចិត្តបិទសាលារៀន នៅខេត្តក្រុងចំនួន២២ មុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនឈានចូលមកដល់ បន្ទាប់ពីបានរកឃើញចង្កោមចម្លង COVID-19 ថ្មី នៅតំបន់ភាគខាងជើងប្រទេស កាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃចន្ទ ទី០១ ខែកម្ភៈ ទី២០២១។
តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា លោក Vu Duc Dam ដែលជាប្រធានក្រុមការងារទទួលបន្ទុកជំងឺឆ្លង បានលើកឡើងថា «សូមថ្លែងអំណរគុណ ចំពោះការធ្វើតេស្តទ្រង់ទ្រាយធំ និងវិធានការដាក់ឲ្យនៅដាច់ពីគ្នាយ៉ាងតឹងរ៉ឹង។ ដោយសារវិធានការទាំងនេះហើយ បានជាប្រទេសវៀតណាម អាចរក្សាចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស ១,៨៥០ករណី ដែលក្នុងនោះស្លាប់ ៣៥ នាក់។ នេះគឺជាការយោគជ័យមួយដ៏ធំ»។
ទោះជាយ៉ាងណា ប្រធានក្រុមការងារទទួលបន្ទុកជំងឺឆ្លងរូបនេះ បានសង្កត់ធ្ងន់ថា «យើងនឹងជួបការលំបាក ជាពិសេសនៅពេលបុណ្យចូលឆ្នាំចិនខាងមុខ ប៉ុន្តែខ្ញុំប្រាកដថាយើងទាំងអស់គ្នានឹងជំនះបាន»។
ចំណាត់ការខាងលើ នឹងធ្វើប៉ះពាល់ដល់សាលាជាង ១ភាគ៣ របស់ប្រទេសវៀតណាម។
ករណីឆ្លង COVID-19 ថ្មីៗ នៅប្រទេសវៀតណាម នាពេលបច្ចុប្បន្ន ត្រូវបានរកឃើញនៅខេត្ត Hai Duong ជាទីដែលកម្មកររោងចក្រចំនួន ២,៣៤០នាក់ ត្រូវបានគេដាក់ឲ្យដាច់ដោយឡែកពីគេ បន្ទាប់ពីបុគ្គលិកម្នាក់ បានទាក់ទងជាមួយបុគ្គលមា្នក់ទៀតដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ទម្រង់ថ្មី ដែលគេស្គាល់ថា B117។
គួរបញ្ជាក់ថា វៀតណាមបានទប់ស្កាត់រលកទីមួយ នៃការឆ្លងរាតត្បាត COVID-19 បានសម្រេចកាលពីខែមេសា ឆ្នាំ២០២០ ហើយមិនមានករណីឆ្លងក្នុងស្រុកជិត ១០០ថ្ងៃ រហូតទាល់តែវាបានលេចឡើងជាថ្មីនៅទីក្រុងដាណាង (Da Nang) កាលពីខែកក្កដា។ បន្ទាប់មកទៀតករណីឆ្លងក្នុងស្រុកមួយចំនួនទៀត ត្រូវបានរកឃើញនៅទីក្រុងហូជីមិញ កាលពីដើមខែធ្នូ ហើយមកទល់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ទើបលេចឡើងសាជាថ្មីថែមទៀត៕