(គូឡាឡាំពួរ)៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់ម៉ាឡេស៊ីម្នាក់ បាននិយាយឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech លើកដំបូង នៅថ្ងៃទី ២៦ ខែកុម្ភៈ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃចន្ទ ទី០១ ខែកម្ភៈ ឆ្នាំ២០២១។
កាលពីខែវិច្ឆិកាកន្លងទៅ ប្រទេសម៉ាឡេស៊ីបានប្រកាសថា ខ្លួនបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងចំនួន ១២.៨លានដូស ដែលជាវ៉ាក់សាំងផលិតរួមគ្នា ដោយក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer និងក្រុមហ៊ុនជាដៃគូរបស់អាល្លឺម៉ង់ ឈ្មោះថា BioNTech ។
នៅក្រោមកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនផលិតឱសថខាងលើ ម៉ាឡេស៊ីទទួលបានវ៉ាក់សាំងចំនួន ១លានដូសក្នុងត្រីមាសទី១ នៃឆ្នាំ ២០២១ ដោយក្រោយមក ១.៧លានដូស ហើយក្រោយមកចំនួន ៥.៨លានដូស និងក្រោយមកទៀតក្នុងចំនួន ៤,៣ លានដូសក្នុងត្រីមាសបន្តបន្ទាប់។
លោក Noor Hisham Abdullah ដែលអគ្គនាយកសុខាភិបាល បានមានប្រសាសន៍ថា នៅពេលកញ្ចប់វ៉ាក់សាំងទាំងនោះមក នឹងត្រូវចែកចាយនៅទូទាំងប្រទេសតែម្តង ក្នុងរយៈពេលមួយទៅពីរសប្តាហ៍ប៉ុណ្ណោះ។
គួរបញ្ជាក់ថា ប្រទេសសមាជិកអាស៊ានមួយនេះ ក៏បានចុះកិច្ចព្រមព្រៀង ដើម្បីទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ១៨.៤ លានដូស ពីវិទ្យាស្ថានស្រាវជ្រាវ Gamaleya របស់រុស្ស៊ី និងក្រុមហ៊ុន Sinovac របស់ចិនផងដែរ។
នៅថ្ងៃចន្ទនេះ ម៉ាឡេស៊ីបានរកឃើញឆ្លង COVID-19 ចំនួន ៤,២១៤ករណី និងស្លាប់ ១០នាក់ទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសកើនដល់ ២១៩,១៧៣ករណី ក្នុងនោះស្លាប់ ៧៧០នាក់៕