(យ៉ាងហ្គន)៖ ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន នៅថ្ងៃថ្ងៃចន្ទ ទី១ ខែកុម្ភៈនេះ បានអំពាវនាវឲ្យប្រទេសមីយ៉ាន់ម៉ា បន្តកិច្ចសន្ទនា ការផ្សះផ្សាជាតិ និងវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ បន្ទាប់ពីយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រីអ៊ុងសាន ស៊ូជី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃចន្ទ ទី០១ ខែកម្ភៈ ឆ្នាំ២០២១។
តាមរយៈសេចក្តីថ្លែងការណ៍មួយ របស់ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានលើកឡើងថា «យើងលើកទឹកចិត្ត ចំពោះការបន្តកិច្ច សន្ទនា ការផ្សះផ្សា និងការវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ស្របតាមឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា»។
ប្រធានអាស៊ានដែលជាជនជាតិប្រ៊ុយណេរូបនេះ បានសង្កត់ធ្ងន់ទៀតថា «យើងសូមបញ្ជាក់ម្តងទៀតថា ស្ថិរភាពនយោបាយនៅក្នុងរដ្ឋជាសមាជិកអាស៊ាន គឺជាការចាំបាច់បំផុត ដើម្បីសម្រេចបាននូវសហគមន៍មួយ ដែលប្រកបដោយសន្តិភាព ស្ថិរភាពនិងវិបុលភាព»។
គួរបញ្ជាក់ថា លោកស្រី អោង សាន ស៊ូជី រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប នៃរដ្ឋាភិបាលរបស់លោកស្រី ត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួននៅថ្ងៃចន្ទនេះ។
បច្ចុប្បន្ន យោធាមីយ៉ាន់ម៉ា កំពុងគ្រប់គ្រងស្ថានការណ៍ ហើយកងទ័ពជាច្រើនត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវ ក្នុងរដ្ឋធានីណៃពិដោរ និងទីក្រុង យ៉ាងហ្គន។ ចំណែកឯ បណ្ដាញទូរស័ព្ទ, អ៉ិនធើណិត, និងប្រព័ន្ធទំនាក់ទំនងនានា នៅក្នុងរដ្ឋធានី ក៏ដូចជានៅតាមទីក្រុងធំៗ ក៏ត្រូវបានកាត់ផ្ដាច់ផងដែរ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា អះអាងថា វាបណ្ដាលមកពីបញ្ហាបច្ចេកទេស៕