(យ៉ាងហ្គន)៖ យោធាមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះ បានដណ្ដើមអំណាចគ្រប់គ្រងប្រទេស បន្ទាប់ពីចាប់ឃុំខ្លួនលោកស្រី អោង សាន ស៊ូជី និងមន្ត្រីជានខ្ពស់ជាច្រើនរូបទៀត នៃរដ្ឋាភិបាលរបស់លោកស្រី។ ក៏ប៉ុន្តែ សម្រាប់ប្រជាជននៃប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ វាប្រហែលជាមិនមែនជារឿងចម្លែកនោះទេ ដែលប្រទេសរបស់ពួកគេ ត្រូវស្ថិតនៅ ក្រោមការគ្រប់គ្រងដោយយោធា។

ខាងក្រោមនេះគឺជាព្រឹត្តិការណ៍សំខាន់ៗ ដែលធ្លាប់បានកើតឡើងនៅមីយ៉ាន់ម៉ា៖

*ឆ្នាំ១៩៤៧

លោក អោង សាន ដែលជាមេដឹកនាំចលនាទាមទារឯករាជ្យជាតិពីអង់គ្លេស ត្រូវបានគេលួចធ្វើឃាត។ លោកស្រី អោង សាន ស៊ូជី គឺជាកូនស្រី តែម្នាក់ គត់របស់លោក អោង សាន។

*ឆ្នាំ១៩៤៨

មីយ៉ាន់ម៉ា ទទួលបានឯករាជ្យជាផ្លូវការពីអង់គ្លេស ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក U Nu ។

*ឆ្នាំ១៩៦២

យោធាមីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់ឧត្ដមសេនីយ៍ Ne Win បានឡើងកាន់អំណាចដោយការធ្វើរដ្ឋប្រហារ។ គ្រប់គណបក្សប្រឆាំងទាំងអស់ នៅពេលនោះ ត្រូវបានហាមឃាត់ ហើយយោធាគ្រប់គ្រងលើរាល់កិច្ចការពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលធ្វើសេដ្ឋកិច្ចជាតិដាំក្បាលចុះក្រោម ដោយសារតែទណ្ឌកម្មអន្តរជាតិ។

*១៩៨៨

បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ បានផ្ទុះឡើងនៅខែសីហា ហើយត្រូវបានបង្ក្រាបយ៉ាងសាហាវពីយោធា ខណៈបើតាមក្រុមអង្គការសង្គមស៊ីវិល មនុស្សប្រហែលជា ៥,០០០នាក់ បានស្លាប់ក្នុងការបង្រ្កាបនេះ។ នៅខែកញ្ញា ឆ្នាំដដែល លោកស្រី អោង សាន ស៊ូជី បានបង្កើតគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)។

*១៩៩០

នៅក្រោមសម្ពាធពីអន្តរជាតិ យោធាមីយ៉ាន់ម៉ា បានរៀបចំឱ្យមានការបោះឆ្នោតមួយ ដែលនៅពេលនោះ គឺគណបក្សរបស់លោកស្រី ស៊ូជី ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។ ប៉ុន្តែ យោធា បដិសេធទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយថែមទាំងចាប់ខ្លួនលោកស្រី ស៊ូជី ឃុំក្នុងផ្ទះទៀតផង។

*ឆ្នាំ១៩៩៥

នៅក្នុងខែកក្កដា លោកស្រី អោង សាន ស៊ូជី ត្រូវបានដោះលែងឱ្យមានសេរីភាព ចេញពីការឃុំខ្លួននៅក្នុងផ្ទះ។

*ឆ្នាំ១៩៩៧

មីយ៉ាន់ម៉ា ចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់អាស៊ាន។

*ឆ្នាំ២០០០

លោកស្រី អោង សាន ស៊ូជី ត្រូវបានយោធាចាប់ឃុំខ្លួននៅក្នុងផ្ទះសាជាថ្មី ជាហេតុជំរុញឱ្យអឺរ៉ុប បង្កើនការដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា។

*ឆ្នាំ២០០២

លោកស្រី អោង សាន ស៊ូជី ត្រូវបានដោះលែងឱ្យមានសេរីភាពជាថ្មីម្ដងទៀត និងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរជុំវិញប្រទេស។

*ឆ្នាំ២០០៣

លោកស្រី អោង សាន ស៊ូជី ត្រូវបានយោធាចាប់ឃុំខ្លួនជាថ្មី ដោយយោធាអះអាងថាដើម្បីការពារសុវត្ថិភាពលោកស្រី បន្ទាប់ពីមានការវាយប្រហារមួយលើក្បួនរថយន្ដរបស់លោកស្រី។

*ឆ្នាំ២០០៦

យោធាមីយ៉ាន់ម៉ា ប្រកាសថាពួកគេសម្រេចផ្លាស់ប្ដូររដ្ឋធានីទៅទីក្រុង ណៃពិដោរ វិញ។ ដំបូងឡើយ ទីក្រុង យ៉ាងហ្គន គឺជារដ្ឋធានីរបស់មីយ៉ាន់ម៉ា។

* ឆ្នាំ២០០៧

ប្រជាជនមីយ៉ាន់ម៉ា រាប់ពាន់នាក់ បាននាំគ្នាចុះតាមដងផ្លូវធ្វើបាតុកម្មតវ៉ា នៅក្នុងទីក្រុងយ៉ាងហ្គន ក្រោយរដ្ឋាភិបាលយោធាលុបចោលជំនួយលើឥន្ធនៈ។ មនុស្សរាប់សិបនាក់ ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិត នៅក្នុងការបង្រ្កាបរបស់យោធា។

*ឆ្នាំ ២០០៨

ដំណើរការផ្លាស់ប្ដូរទៅរកប្រជាធិបតេយ្យ បានចាប់ផ្ដើម ជាមួយភាពចម្រូងចម្រាសពាក់ព័ន្ធនឹងការបោះឆ្នោតប្រជាមតិ លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលត្រូវបានធ្វើឡើង តែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្យុះស៊ីក្លូន Nargis វាយប្រហារលើមីយ៉ាន់ម៉ា។

*ឆ្នាំ២០១០

គណបក្ស USDP ស្និទនឹងយោធាមីយ៉ាន់ម៉ា ទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ដែលគណបក្ស NLD ពហិការមិនចូលរួម។ លោកស្រី អោង សាន ស៊ូជី ត្រូវបានដោះលែងឱ្យ មានសេរីភាពពីការឃុំខ្លួននៅក្នុងផ្ទះ នៅខែវិច្ឆិកា ឆ្នាំដដែល។

*ឆ្នាំ២០១២

ជម្លោះនៅក្នុងរដ្ឋ Rakhine បានបង្ខំឱ្យជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ារាប់សែននាក់ រត់ភៀសខ្លួនទៅបង់ក្លាដែស និងរាប់រយនាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់។

*ឆ្នាំ២០១៥

គណបក្ស NLD ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសកល ហើយលោកស្រី ស៊ូជី ក្លាយជាមេដឹកនាំដោយមានតួនាទីជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា។

*ឆ្នាំ២០១៦

ជម្លោះនៅក្នុងរដ្ឋ Rakhine ផ្ទុះឡើងជាថ្មី បន្ទាប់ពីយោធាមីយ៉ាន់ម៉ា អះអាងថាក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា បានសម្លាប់មន្ត្រីប៉ូលិស៩នាក់។ អំពើហិង្សានេះបង្ខំឱ្យជនជាតិរ៉ូហ៊ីងយ៉ា ជាច្រើននាក់ស្លាប់ និងរាប់សែននាក់ផ្សេងទៀត រត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស, ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ផងដែរ។

*ឆ្នាំ២០១៧

យោធាមីយ៉ាន់ម៉ា បានដឹកនាំប្រតិបត្តិការយោធាមួយ នៅក្នុងរដ្ឋ Rakhine ដោយបង្ខំឱ្យជនជាតិរ៉ូហ៊ីងយ៉ាច្រើនជាង ៧៣០,០០០នាក់ ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស។ ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានចោទថាយោធាមីយ៉ាន់ម៉ា មានជាប់ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ប្រឆាំងជនជាតិរ៉ូហ៊ីងយ៉ា។ ប៉ុន្តែ លោកស្រី អោង សាន ស៊ូជី តំណាងរដ្ឋាភិបាលរបស់លោកស្រី បានច្រានចោលការចោទប្រកាន់បែបនេះ។

*២០១៩

ជម្លោះប្រដាប់អាវុធ បានផ្ទុះឡើងនៅក្នុងរដ្ឋ Rakhine រវាងយោធាមីយ៉ាន់ម៉ា និងក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធរ៉ូហ៊ីងយ៉ា។ លោកស្រី ស៊ូជី ក៏បានជំរុញឱ្យយោធា បង្រ្កាបក្រុមឧទ្ទាមមួយនេះដែរ។

*ឆ្នាំ២០២០

នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ គណបក្ស NLD បានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកល។

*ឆ្នាំ២០២១

នៅថ្ងៃទី២៦ ខែមករា៖ អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា លោកឧត្ដមសេនីយ៍ត្រី Zaw Min Tun បានព្រមានថា យោធានឹងចាត់វិធានការឆ្លើយតប បើសិនជាបណ្ដឹងតវ៉ាលើលទ្ធផល បោះឆ្នោតរបស់ពួកគេ មិនត្រូវបានដោះស្រាយទេនោះ។

នៅថ្ងៃទី២៨ ខែមករា៖ គណៈកម្មាការរៀបចំការបោះឆ្នោត ច្រានចោលការចោទប្រកាន់របស់យោធា ដោយនិយាយថាការបោះឆ្នោតបានប្រព្រឹត្តទៅដោយមានតម្លាភាព និងយុត្តិធម៌។

នៅថ្ងៃទី៣០ ខែមករា៖ យោធាមីយ៉ាន់ម៉ា បាននិយាយថាពួកគេនឹងការពាររដ្ឋធម្មនុញ្ញ និងនីតិរដ្ឋ។

នៅថ្ងៃទី០១ ខែកុម្ភៈ៖ យោធាមីយ៉ាន់ម៉ា បានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ជាមួយការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ព្រមទាំងផ្ទេរអំណាចទៅឱ្យ លោកអគ្គមេបញ្ជាការយោធា មីន អោងហ្លេង (Min Aung Hlaing)។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីការចាប់ឃុំខ្លួនលោកស្រី អោង សាន ស៊ូជី និងមន្ត្រីជានខ្ពស់ជាច្រើន រូបទៀត នៃរដ្ឋាបាលរបស់លោកស្រី។ យោធាមីយ៉ាន់ម៉ា ក៏បានសន្យាដែរថា នឹងរៀបចំការបោះឆ្នោតថ្មីមួយ ក្រោយការបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន ព្រមទាំងប្រគល់ អំណាចឱ្យរដ្ឋាភិបាលស៊ីវិលថ្មីមួយ ខណៈលោកស្រី ស៊ូជី អំពាវឱ្យប្រជាជន ក្រោកឈរឡើងធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារដោយយោធា៕

ប្រភព៖ Al Jazeera