(ណៃពិដោ)៖ អនុប្រធានាធិបតីមីយ៉ាន់ម៉ាលោក យូ ម្យីនត៍ ស្វេ (U Myint Swe) ដែលត្រូវបានយោធាតែងតាំងបង្រ្គប់កិច្ចជាប្រធានាធិបតីស្តីទី ទើបតែបានថ្លែងថា លោកចាត់ទុកការឡើងគ្រប់គ្រងអំណាចរបស់យោធា ជាទង្វើត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ ហើយលោកគាំទ្រពេញទំហឹង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១។
លោក យូ ម្យីនត៍ ស្វេ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយសារតែការសង្ស័យរឿងបន្លំសន្លឹកឆ្នោតអំឡុងការបោះឆ្នោត ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ រូបលោកក្នុងនាមជាអនុប្រធានាធិបតី ត្រូវតែប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន និងប្រគល់អំណាចទាំងអស់ ឲ្យទៅអគ្គមេបញ្ជាការយោធាលោក មីន អោងហ្លេង (Min Aung Hlaing) ដោយស្ថិតក្រោមរដ្ឋធម្មនុញ្ញ។
លោកអនុប្រធានាធិបតីមីយ៉ាន់ម៉ាបានអះអាងថា បាតុកម្មប្រឆាំងនឹងការលួចបន្លំសន្លឹកឆ្នោត បានចាប់ផ្តើមឡើងនៅតាមតំបន់ជាច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា។ ដូច្នេះហើយពាក់ព័ន្ធនឹងបញ្ហានេះ ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រូវតែធ្វើឡើងដោយស្របទៅតាមមាត្រា ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃសហភាពមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះលោកស្រី អោង សាន ស៊ូជី និងប្រធានាធិបតី លោក យូ វីនម្យីនត៍ (U Win Myint) ត្រូវបានយោធាចាប់ឃុំខ្លួន។ ការឃុំខ្លួននេះបានកើតមានឡើង បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានព្រមានចាត់វិធានការ ប្រឆាំងទៅនឹងអ្វីដែលខ្លួនចាត់ទុកថា ជាការលួចបន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលពេលនោះគណបក្សកាន់អំណាចរបស់លោកស្រី ស៊ូជី បានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី។ ពាក់ព័ន្ធនឹងការចាប់ខ្លួនលោកស្រី ស៊ូជី អន្តរជាតិភាគច្រើនបានថ្កោលទោស និងបង្ហាញក្តីព្រួយបារម្ភជាខ្លាំង៕