(ណៃពីដោ)៖ យោធាមីយ៉ាន់ម៉ានៅថ្ងៃចន្ទនេះបានប្រកាសថា ការបោះឆ្នោតសកលថ្មីមួយនឹងត្រូវធ្វើឡើង ក្រោយការបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ជាមួយការសន្យាថា នឹងផ្ទេរអំណាចរដ្ឋាភិបាលថ្មី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១។
ការិយាល័យប្រធានាធិបតី ដែលបច្ចុប្បន្នស្ថិតនៅក្រោមកណ្ដាប់ដៃយោធា បានប្រកាសដាក់ប្រទេសមីយ៉ាន់ម៉ា ក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ បន្ទាប់ពីលោកស្រី អោង សាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោកស្រី ក្នុងនោះរួមមានទាំងប្រធានាធិបតី លោក U Win Myint ត្រូវបានយោធាចាប់ឃុំខ្លួននៅព្រឹកថ្ងៃចន្ទនេះ។ យោធាមីយ៉ាន់ម៉ាក៏បានប្រកាសផងដែរថា កំឡុងការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ គណៈកម្មាការជាតិរៀបចំការបោះឆ្នោត នឹងត្រូវបានជូនដំណឹង ហើយការបោះឆ្នោតសភាកាលពីខែវិច្ឆិកា ឆ្នាំ២០២០ នឹងត្រូវរៀបចំឡើងជាថ្មី ក្រោយការបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ។
គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយយោធា ដោយអំណាចទាំងមូលត្រូវផ្ទេរទៅឱ្យអគ្គមេបញ្ជាការយោធា លោក មីន អោង ហ្លេង (Min Aung Hlaing)។ យោធាមីយ៉ាន់ម៉ាបានចោទប្រកាន់ថា ការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានលួចបន្លំ និងបានស្នើឱ្យពន្យារពេលការបើកសម័យប្រជុំសភា ដែលដំបូងឡើយគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទនេះ។ គណៈកម្មការជាតិរៀបចំការបោះឆ្នោត របស់មីយ៉ាន់ម៉ាបានអះអាងថា ការបោះឆ្នោតគឺត្រូវបានប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌ ហើយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក៏បានអំពាវនាវឱ្យយោធា ទទួលស្គាល់លទ្ធផលបោះឆ្នោតនេះដែរ៕