Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: លោកស្រី ស៊ូជី អំពាវនាវឲ្យប្រជាជនមីយ៉ាន់ម៉ាទាំងអស់ «ក្រោកឡើងធ្វើបាតុកម្ម និងកុំទទួលស្គាល់រដ្ឋប្រហារយោធា» ​​​​(Video inside)

01-02-2021 13:47

(យ៉ាងហ្គន)៖ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) នៅថ្ងៃចន្ទនេះបានប្រកាសថា មេដឹកនាំរបស់ពួកគេគឺលោកស្រី អោង សាន ស៊ូជី បានអំពាវនាវឱ្យប្រជាជនមីយ៉ាន់ម៉ាទាំងអស់ កុំទទួលស្គាល់ការធ្វើរដ្ឋប្រហារដោយយោធា និងក្រោកឡើងធ្វើបាតុកម្មតវ៉ា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន គណបក្ស NLD បានគូសបញ្ជាក់ដោយស្រង់សម្ដីលោកស្រី ស៊ូជី យ៉ាងដូច្នេះថា «សកម្មភាពដែលយោធាកំពុងធ្វើ បាននិងកំពុងនាំប្រទេសជាតិ ត្រលប់ទៅរបបផ្ដាច់ការសាជាថ្មី។ ខ្ញុំជំរុញឱ្យប្រជាជនទាំងអស់ កុំទទួលស្គាល់ទង្វើបែបនេះជាដាច់ខាត ហើយក្រោកឈរឡើងធ្វើបាតុកម្ម ប្រឆាំងនឹងរដ្ឋប្រហាររបស់យោធា»។

គួរបញ្ជាក់ថា លោកស្រី អោង សាន ស៊ូជី រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប នៃរដ្ឋាភិបាលរបស់លោកស្រី ត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួននៅថ្ងៃចន្ទនេះ ខណៈពួកគេកំពុងត្រៀមចូលរួម ក្នុងសម័យប្រជុំសភាលើកដំបូង ក្រោយការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបង្ហាញលទ្ធផលថា គណបក្សលោកស្រី ស៊ូជី ជាអ្នកទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី។ តែទោះជាយ៉ាងណា យោធាមីយ៉ាន់ម៉ាបានចោទប្រកាន់ថា ការបោះឆ្នោតនេះត្រូវបានលួចបន្លំ។

កាលពីព្រឹកថ្ងៃចន្ទនេះយោធាមីយ៉ាន់ម៉ាបានប្រកាសថា ខ្លួនគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងហើយ តាមរយៈការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ព្រមទាំងផ្ទេរអំណាចទៅឱ្យ លោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង (Min Aung Hlaing)។ អង្គការសហប្រជាជាតិ (UN) និងបណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកបានថ្កោលទោសយ៉ាងខ្លាំង ហើយថែមទាំងព្រមានដែរថា នឹងចាត់វិធានការឆ្លើយតប បើសិនជាយោធាមិនព្រមដោះលែងលោកស្រី ស៊ូជី និងអ្នកដែលត្រូវបានចាប់ខ្លួនឱ្យមានសេរីភាពវិញទេនោះ៕