(ស៊ីដនី)៖ ប្រទេសអូស្រ្តាលីនៅថ្ងៃចន្ទនេះ បានទាមទារឲ្យយោធាមីយ៉ាន់ម៉ាដោះលែងលោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) និងមេដឹកនាំជាប់ឆ្នោតដទៃទៀត ដោយទីក្រុងកង់បេរ៉ាបានព្រមានថា យោធាមីយ៉ាន់ម៉ាកំពុងស្វះស្វែង ដណ្តើមយកការគ្រប់គ្រងប្រទេសនេះម្តងទៀតហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីលោកស្រី ម៉ារ៉ៃស៍ ផេយណេ (Marise Payne) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ាគោរពទៅតាមច្បាប់ ដើម្បីដោះស្រាយជម្លោះតាមរយៈយន្តការស្របច្បាប់ និងដោះលែងមេដឹកនាំស៊ីវិលទាំងអស់ និងអ្នកដទៃទៀតដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់»

គួរបញ្ជាក់ថា លោកស្រី អោងសាន ស៊ូជី, លោកប្រធានាធិបតី យូ វីន ម្យីនត៍ (U Win Myint) និងមេដឹកនាំដទៃៗទៀតនៃគណបក្សឈ្នះឆ្នោត ត្រូវបានឃុំខ្លួនក្នុងលំនៅឋានរៀងៗខ្លួន នៅព្រឹកព្រលឹមថ្ងៃចន្ទនេះ ដែលជាដំណើរវិឌ្ឍមួយទៅរករដ្ឋប្រហារ បន្ទាប់ពីគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ ចំពោះមុខការចោទប្រកាន់ពីយោធាថា ជាការបោះឆ្នោតដែលមានការក្លែងបន្លំ៕