(មូស្គូ)៖ មនុស្សរាប់ពាន់នាក់ បានធ្វើដំណើរតាមដងផ្លូវនានា នៅទូទាំងប្រទេសរុស្ស៊ីនៅថ្ងៃអាទិត្យនេះ ដើម្បីបន្តទាមទារឲ្យមានការដោះលែងមេដឹកនាំបក្សប្រឆាំង លោក Alexei Navalny ដែលកំពុងជាប់ពន្ធនាគារ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១។
យោងតាមក្រុមអ្នកតាមដានបានឲ្យដឹងថា មានមនុស្សជាង ១,៦០០នាក់បន្ថែមទៀត ត្រូវបានប៉ូលីសចាប់ខ្លួន នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីកាលពីថ្ងៃសៅរិ៍សប្តាហ៍មុន ប៉ូលីសក៏បានចាប់ខ្លួន មនុស្សជាង ១,០០០នាក់ ជុំវិញបាតុកម្មទាមទាការដោះលែងមេបក្សប្រឆាំងរូបនេះដែរ។
បើតាមសាព័ត៌មាន CNN ភរិយាលោក Navalny ក៏ស្ថិតនៅក្នុងចំណោម អ្នកដែលត្រូវបានចាប់ខ្លួនផងដែរ។
បាតុកម្មនេះ គឺជាការបង្ហាញការមិនសប្បាយចិត្ត ជាលក្ខណៈទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនកន្លងមកនេះ នៅក្នុងប្រទេសរុស្ស៊ី។
ទោះបីជាមានការព្រមានធ្ងន់ៗពីសំណាក់អាជ្ញាធរ ដោយបញ្ជាក់ពីហានិភ័យនៃការឆ្លង COVID-19 ឬអាចប្រឈមមុខជាប់ពន្ធនាគារក៏ដោយ ក៏ការបាតុកម្មតវ៉ាដ៏ធំ បានផ្ទុះឡើងនៅតាមទីក្រុងជាច្រើន នៅថ្ងៃអាទិត្យនេះ។
គួរបញ្ជាក់ថា មេដឹកនំាគណបក្សប្រឆាំងធំបំផុត នៅក្នុងប្រទេសរុស្ស៊ី លោក Navalny វ័យ ៤៤ឆ្នាំ ដែលជាអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយ និងជាអ្នករិះគន់ដ៏ល្បីល្បាញបំផុតប្រឆាំងនឹង លោកវ្លាឌីមៀ ពូទីន ត្រូវបានចាប់ខ្លួនភ្លាមៗ នៅពេលដែលលោកបានត្រលប់មកដល់ទីក្រុងម៉ូស្គូវិញ កាលពីថ្ងៃទី១៧ ខែមករាកន្លងទៅនេះ ដោយវាមានរយៈពេល ០៥ខែ ក្រោយពីលោកប៊ិះបាត់បង់ជីវិត ដោយសារត្រូវគេលួចបំពុល៕