(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី បានរាយការណ៍ ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗ ចំនួន ៥,២៩៨ករណីបន្ថែម នៅថ្ងៃអាទិត្យនេះ ខណៈប្រទេសនេះនៅតែបន្តប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលជំងឺរាតត្បាតសកលយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១។
បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលម៉ាឡេស៊ី បានឲ្យដឹងថា ស្ទើរតែ ២ភាគ៣ នៃចំនួនករណីឆ្លងថ្មីខាងលើ គឺត្រូវបានរកឃើញនៅរដ្ឋ Selangor និងទីក្រុងគូឡាឡាំពួ ដែលមានចំនួន ៣,២៤៣ករណី។ ចំណែកឯ ១,០២០ករណីទៀត គឺនៅរដ្ឋ Johor និង ២៩៨ករណីនៅរដ្ឋ Sabah។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា ម៉ាឡេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ១៤នាក់បន្ថែទៀតផងដែរ។
ជាសរុប រហូតមកទល់ពេលនេះ ប្រទេសម៉ាឡេស៊ី បានកត់ត្រាករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ២១៤,៩៥៩ករណី ក្នុងនោះស្លាប់ ៧៦០នាក់ និងជាសះស្បើយ ១៦៦,០៤៩នាក់។
គួរបញ្ជាក់ថា នេះជាថ្ងៃទីបីហើយ ដែលប្រទេសអាស៊ានមួយនេះ រកឃើញករណីឆ្លង COVID-19 ក្នុងមួយថ្ងៃ ជាង ៥,០០០ករណី ហើយក៏បានកត់ត្រាករណីឆ្លងថ្មី ក្នុងតួលេខ ៤ខ្ទង់ចាប់តាំងពីថ្ងៃទី៩ ខែធ្នូមកម្លេះ៕