(ហ្វីជី)៖ មនុស្សម្នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតបាត់ខ្លួន នៅថ្ងៃអាទិត្យនេះ ខណៈព្យុះស៊ីក្លូនត្រូពិកមួយ កំពុងវាយប្រហារលើប្រទេសហ្វីជី ជាលើកទី២ នៅក្នុងរយៈពេលមួយខែ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១។
ព្យុះស៊ីក្លូន Ana បានវាយប្រហារលើប្រទេសហ្វីជី ជាមួយល្បឿនខ្យល់ ១៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយនាំមកជាមួយភ្លៀងធ្លាក់ខ្លាំង បង្កជាគ្រោះទឹកជំនន់ផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីជី បុរសម្នាក់មានអាយុ ៤៩ឆ្នាំ បានលង់ទឹកស្លាប់ ហើយអ្នកនេសាទ៤នាក់ និងក្មេងប្រុសម្នាក់អាយុ៣ឆ្នាំ បានបាត់ខ្លួន រីឯមនុសច្រើនជាង ៧,៦០០នាក់ ត្រូវបានជួយសង្រ្គោះជម្លៀសចេញពីភូមិរបស់ពួកគេដែលជន់លិច ទៅកាន់កន្លែងស្នាក់នៅបណ្ដោះអាសន្នរៀបចំដោយរដ្ឋ។
គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២០ មនុស្ស៤នាក់ បានស្លាប់ និង ២៣,០០០នាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែង បន្ទាប់ពីព្យុះស៊ីក្លូនដ៏កំណាច Yasa វាយប្រហារលើប្រទេសហ្វីជី ក្នុងល្បឿនខ្យល់ដល់ទៅ ៣៤៥គីឡូម៉ែត្រក្នុងមួយម៉ោង៕