(ម៉ិចស៉ីកូ)៖ ប្រធានាធិបតីម៉ិចស៉ីកូ លោក អាន់ឌ្រែស ម៉ានូអ៊ែល ឡូប៉េស អូប្រាដឺ (Andrés Manuel López Obrador) ដែលមានវ័យ៦៧ឆ្នាំ បានបង្ហោះវីដេអូមួយនៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលាក្នុងតំបន់នៅក្នុងប្រទេសម៉ិចស៉ីកូ) ដោយនិយាយថា លោកកំពុងឈានទៅរកការជាសះស្បើយពីជំងឺ COVID-19 ហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១។
លោក Lopez Obrador ដែលកំពុងតែស្ថិតក្នុងការធ្វើចត្តាឡីស័ក ចាប់តាំងពីបានធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 កាលពីចុងសប្តាហ៍មុន បានបញ្ជាក់ប្រាប់ថា «គ្រូពេទ្យបានប្រាប់ខ្ញុំថា ខ្ញុំបានឆ្លងផុតដំណាក់កាលធ្ងន់ធ្ងរហើយ... ដែលឥឡូវនេះ ស្ថានភាពសុខភាពខ្ញុំ មានសភាពល្អប្រសើរឡើងវិញបណ្តើរៗហើយ»។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍នេះ ម៉ិចស៉ីកូបានរកឃើញករណីឆ្លង COVID-19 សរុបចំនួន ជាង១.៨លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ១៥ម៉ឺននាក់ ខណៈអត្រាឆ្លងនិងស្លាប់ប្រចាំថ្ងៃក៏ធ្ងន់ធ្ងរខ្លាំងផងដែរ៕