(វ៉ាលីងតោន)៖ ក្រុមហ៊ុនអវកាសមួយឈ្មោះ ដន អ៊ែរ៉ូស្ពេស (Dawn Aerospace) ដែលមានមូលដ្ឋាននៅប្រទេសនូវែលសេឡង់ នៅទីបំផុតបានទទួលការយល់ព្រម ពីរដ្ឋាភិបាលប្រទេសដីកោះមួយនេះហើយ ក្នុងការធ្វើតេស្តយន្តហោះអវកាសខ្នាតតូច (មានសណ្ឋានដូចដ្រូន) MK ២ អូរ៉ូរ៉ា (Mk-II Aurora) ដែលត្រូវបានរចនាឡើង ដើម្បីដឹកជញ្ជូនផ្កាយរណប ទៅកាន់នៅគន្លងគោចរជុំវិញភពផែនដី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Space នាល្ងាចថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១។
យ៉ាងណាក៏ដោយ សម្រាប់ពេលវេលាជាក់លាក់ និងទីកន្លែងនៃការធ្វើតេស្ត យន្តហោះអវកាស Mk-II Aurora ខាងលើនេះ នៅមិនទាន់ត្រូវបានបញ្ជាក់នោះឡើយ។ ជាធម្មតាសម្រាប់ការធ្វើតេស្តយន្តហោះប្រភេទនេះ វានឹងតម្រូវឲ្យអាជ្ញាធរនូវែលសេឡង់ ផ្អាកជាបណ្តោះអាសន្ន នូវជើងហោះហើរពាណិជ្ជកម្ម ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុន Dawn Aerospace ធ្វើតេស្តយន្តហោះអវកាសរបស់ខ្លួន ប្រកបដោយសុវត្ថិភាព នៅលើព្រលានយន្តហោះធម្មតា។
ប្រធានការិយាល័យបច្ចេកទេសរបស់ Dawn Aerospace លោក ស្ទេហ្វាន ផូវែល (Stefan Powell) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បញ្ហាប្រឈមនៃការបញ្ជូនយន្តហោះទៅកាន់ទីអវកាស នោះគឺការរក្សាតុល្យភាព នៃគ្រប់ផ្នែករបស់គ្រឿងយន្ត, ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការធ្វើតេស្ត និងបទប្បញ្ញតិ»។
លោក Stefan Powell បានសង្កត់ធ្ងន់ទៀតថា «យើងបានបោះជំហានដ៏អស្ចារ្យ ដើម្បីច្នៃប្រឌិតលើផ្នែករឹងរបស់យន្តហោះ។ ថ្ងៃនេះគឺជាជំហានដ៏សំខាន់ ដើម្បីឆ្ពោះទៅរកការធ្វើតេស្ត។ យើងនឹងបង្ហាញថា វាអាចហោះហើរចេញពីព្រលានយន្តហោះស៊ីវិលធម្មតា មួយក្នុងចំណោមព្រលានយន្តហោះស៊ីវិល រាប់ពាន់នៅជុំវិញពិភពលោក ហើយវាអាចធ្វើដូច្នេះដោយមិនតម្រូវឲ្យយន្តហោះផ្សេងទៀត គេចចេញពីដែនអាកាសរបស់ពួកគេឡើយ។ នេះគឺជាកូនសោសម្រាប់ ការហោះហើរទៅទីអវកាស ដែលអាចប្រើប្រាស់ឡើងវិញបាន និងមាននិរន្តរភាព»។
គួរបញ្ជាក់តាមក្រុមហ៊ុនខាងលើនេះថា ការធ្វើតេស្តនឹងកើតឡើង នៅក្នុងឆ្នាំ២០២១នេះតែម្តង នៅលើព្រលានយន្តហោះដាច់ពីគេមួយ ដែលស្ថិតនៅលើកោះភាគខាងត្បូង នៃប្រទេសនូវែលសេឡង់៕