(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រង COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃសៅរ៍នេះបានរាយការណ៍ពីការរកឃើញ ករណីឆ្លង COVID-19 ថ្មីៗចំនួន ៩៣០ករណីបន្ថែមទៀត ខណៈអ្នកជំងឺម្នាក់ទៀតត្រូវបានរាយការណ៍ថាស្លាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១។
អ្នកនាំពាក្យ CCSA លោកស្រី ផាន់ប្រាផា យ៉ុងត្រាគុល (Panprapa Yongtrakul) បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ៩១៦ករណី ជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន ៨៨៩ករណី ត្រូវបានរកឃើញតាមរយៈការធ្វើតេស្ត លើជនអន្ដោប្រវេសន៍មីយ៉ាន់ម៉ា និងជនជាតិថៃដែលរស់នៅខេត្ត សាមុតសាខន (Samut Sakhon)។ ចំណែកឯ ១៤ករណីផ្សេងទៀតជាករណីនាំចូល ត្រូវបានរកឃើញលើអ្នកដំណើរ ដែលបានវិលត្រលប់មកពីបរទេសវិញ។
លោកស្រី Panprapa បានគូសបញ្ជាក់បន្ថែមទៀតថា អ្នកជំងឺម្នាក់ដែលត្រូវបានរាយការណ៍ថា ស្លាប់នាពេលថ្មីៗនេះ គឺជាបុរសជនជាតិមីយ៉ាន់ម៉ាអាយុ ៣១ឆ្នាំ ដែលរស់នៅខេត្ត Samut Sakhon។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១៧,៩៥៣ករណី ក្នុងនោះមានអ្នកស្លាប់ ៧៧នាក់ និងអ្នកជាសះស្បើយវិញ ១១,៥០៥នាក់៕