Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យោធាមីយ៉ាន់ម៉ាអះអាងថាខ្លួន «គោរព និងការពាររដ្ឋធម្មនុញ្ញឆ្នាំ២០០៨» ចំពោះមុខការព្រួយបារម្ភអំពីរដ្ឋប្រហារ

30-01-2021 16:18

(រ៉ង់ហ្គូន)៖ យោធាមីយ៉ាន់ម៉ានៅថ្ងៃសៅរ៍នេះបានប្រកាសថា ខ្លួនគាំទ្រ និងគោរពចំពោះរដ្ឋធម្មនុញ្ញ ហើយនឹងធ្វើអ្វីៗគ្រប់យ៉ាងស្របទៅតាមច្បាប់។ ការលើកឡើងបែបនេះត្រូវបានគេមើលឃើញថា ជាការបន្ធូរក្តីព្រួយបារម្ភ ជុំវិញពាក្យចចាមអារ៉ាមមួយរយៈកន្លងមកនេះថា យោធានឹងអាចធ្វើរដ្ឋប្រហារ ដើម្បីទម្លាក់រដ្ឋាភិបាលដែលទើបជាប់ឆ្នោតជាថ្មី ក្រោយមានការចោទប្រកាន់ អំពីការក្លែងបន្លំសន្លឹកឆ្នោត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍ពីយោធាមីយ៉ាន់់ម៉ា បានចេញផ្សាយតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) និងស្ថានទូតរបស់បណ្តាប្រទេសលោកខាងលិច ប្រចាំនៅសហភាពមីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន ដោយបង្ហាញក្តីព្រួយបារម្ភចំពោះ ស្ថានការណ៍តានតឹងក្រោយការបោះឆ្នោតនៅមីយ៉ាន់ម៉ា និងជាពិសេសនោះគឺលទ្ធភាព នៃការកើតមានរដ្ឋប្រហារយោធា។

នៅក្នុងសេចក្តីថ្លែងការណ៍ចេញពីយោធាមីយ៉ាន់ម៉ា នៅថ្ងៃសៅរ៍នេះបានគូសបញ្ជាក់ថា ការបកស្រាយអំពីសម្តីរបស់លោកអគ្គមេបញ្ជាការ មីន អ៊ុង ហ្លេង (Min Aung Hlaing) ថា នឹងមានការលុបចោលរដ្ឋធម្មនុញ្ញនោះ «គឺជាការបកស្រាយខុសពីអត្ថន័យដើម»។ យោធាមីយ៉ាន់ម៉ាបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ស្ថាប័នយោធាកំពុងការពាររដ្ឋធម្មនុញ្ញឆ្នាំ២០០៨ ហើយនឹងបញ្ចេញសកម្មភាពនានា ដោយស្របទៅតាមច្បាប់។ អង្គការ និងសារព័ត៌មានមួយចំនួន បែរជាបានសរសេរទៅតាមអ្វី ដែលពួកគេចង់សរសេរទៅវិញថា យោធាចង់លុបចោលរដ្ឋធម្មនុញ្ញ»

ជុំវិញសេចក្តីថ្លែងការណ៍ខាងលើនេះ គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អោងសាន ស៊ូជី បានហៅសេចក្តីថ្លែងការណ៍របស់យោធាមីយ៉ាន់ម៉ាថា «ជាការពន្យល់ដ៏សមរម្យមួយ»។ គណបក្ស NLD កន្លងមកនេះបានអំពាវនាវ ឲ្យយោធាមីយ៉ាន់ម៉ាស្ថិតនៅជាស្ថាប័នមួយ ដែលទទួលស្គាល់ការចង់បានរបស់ប្រជាជន តាមរយៈលទ្ធផលនៃការបោះឆ្នោត៕