(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថា ប្រមុខការទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងហ្សឺណែវ (Geneve) ប្រទេសស្វីស បានអះអាងថា ការជំរុញរបស់ទីក្រុងព្យុងយ៉ាង (Pyongyang) ក្នុងការពង្រឹងសមត្ថភាពយោធារបស់ខ្លួន គឺមានគោលបំណងបើកសម័យកាលសន្តិភាពយូរអង្វែង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១។
បើតាមក្រសួងការបរទេសកូរ៉េខាងជើង លោក ហាន តែសុង (Han Tae-song) អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសសី្វស បានគូសបញ្ជាក់តាមរយៈខ្សែវីដេអូមួយ នៅក្នុងកិច្ចប្រជុំសន្និសីទកាត់បន្ថយសព្វាវុធរបស់អង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ហេតុផលដែលប្រទេសរបស់លោកកំពុងកសាងសមត្ថភាពទប់ស្កាត់សង្គ្រាមរបស់ខ្លួន គឺដើម្បីការពារខ្លួន និងបើកសម័យកាលសន្តិភាពពិតប្រាកដ ដែលគ្មានសង្រ្គាមជារៀងរហូត។ លោក Han បានគូសបញ្ជាក់បន្ថែមថា «យើងត្រូវពង្រឹងអំណាចការពារជាតិតទៅមុខ ហើយកិច្ចប្រឹងប្រែងទប់ស្កាត់ការគំរាមកំហែងផ្នែកយោធាគឺ មិនអាចដាក់ខានបានទេ ដើម្បីទទួលបានសន្តិភាព និងវិបុលភាពនៅឧបទ្វីបកូរ៉េ»។
គួរបញ្ជាក់ថា កាលពីដើមខែមករានេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) បានបើកប្រជុំសមាជដ៏កម្រមួយ នៃគណបក្សកាន់អំណាចពលករកូរ៉េ (WPK) និងបានអំពាវនាវឲ្យពង្រឹងសមត្ថភាព ទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ របស់ប្រទេសលោក និងកសាងកម្លាំងយោធាឲ្យមានឥទ្ធិពលបំផុត។ លោក Kim ធ្លាប់បានជួបប្រជុំចំនួន ០៣លើក ជាមួយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប៉ុន្តែកិច្ចពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរមិនបានទទួលផលអ្វីឡើយ ចាប់តាំងពីកិច្ចប្រជុំកំពូលគ្មានកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ នៅទីក្រុងហាណូយប្រទេសវៀតណាម កាលពីខែកុម្ភៈ ឆ្នាំ២០១៩៕