(ហាណូយ)៖ នៅថ្ងៃសៅរ៍នេះប្រទេសវៀតណាមបានអនុម័ត ឲ្យប្រើវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ហើយក៏បានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីៗចំនួន ៣៤ករណីថែមទៀតផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន VN Express នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១។
រដ្ឋាភិបាលវៀតណាមបានប្រកាសថា វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ត្រូវបានអនុម័តឲ្យប្រើប្រាស់ហើយ នៅក្នុងប្រទេសអាស៊ានមួយនេះ ខណៈនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) បាននិយាយថា វៀតណាមត្រូវតែមានវ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ នៅក្នុងត្រីមាសទី ១ នៃឆ្នាំ២០២១។ កន្លងមកវៀតណាមធ្លាប់បានអះអាងថា ខ្លួនកំពុងស្ថិតក្រោមការពិភាក្សាទិញវ៉ាក់សាំង AstraZeneca ចំនួន ៣០លានដូស។
ពាក់ព័ន្ធនឹងការរកឃើញករណីឆ្លងថ្មីៗខាងលើវិញ មាន ៣២ករណីត្រូវបានរាយការណ៍ចេញពីខេត្តហៃឌុង (Hai Duong) និង ០២ករណីនៅខេត្ត ក្វាងនិញ (Quang Ninh) ដែលនៅជាប់គ្នា។ តាំងតែពីការឆ្លងរាលដាលក្នុងសហគមន៍ បានផ្ទុះឡើងជាថ្មីនៅវៀតណាម កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោយស្ងប់ស្ងាត់ជិតពីរខែ ខេត្តហៃឌុង បានរកឃើញករណីឆ្លង COVID-19 សរុបចំនួន ១៥៧ករណី រីឯខេត្តក្វាងនិញ បានរកឃើញ ២០ករណី ខណៈខេត្តទាំងពីរនេះជាកន្លែង ដែលកើតមានករណីឆ្លងច្រើនជាងគេ។
គួរបញ្ជាក់ថា ការឆ្លងថ្មីនេះក៏បានរាលដាលទៅដល់ទីក្រុង ហៃហ្វុង (Hai Phong) ខេត្ត បាក់និញ (Bac Ninh) និងរដ្ឋធានីហាណូយផងដែរ។ អាជ្ញាធរកំពុងកំណត់មុខសញ្ញាលើមនុស្សជាង ៩,០០០នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីឆ្លងខាងលើ។ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ វៀតណាមមានករណីឆ្លង COVID-19 សរុប ១,៧៣៩ករណី ក្នុងនោះស្លាប់ ៣៥នាក់ និងជាសះស្បើយឡើងវិញ ១,៤២១នាក់៕