(ឡាហាវ៉ាន់)៖ កងទ័ពអាកាសគុយបាបានបញ្ជាក់ឲ្យដឹងថា ឧទ្ធម្ភាគចក្ររបស់ខ្លួនមួយគ្រឿង បានធ្លាក់នៅខេត្តភាគខាងកើត នៃប្រទេសដីកោះមួយនេះ នៅថ្ងៃសុក្រ (ពេលវេលានៅទីក្រុងឡាហាវ៉ាន់) ដោយបានបណ្តាលឲ្យមនុស្សជិះនៅលើនោះទាំងអស់ ០៥នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១។
បើតាមសេចក្តីថ្លែងការណ៍បន្ទាន់ខាងលើនេះ ឧទ្ធម្ភាគចក្រយោធាគុយបាមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ កងទ័ពអាកាសបដិវត្តន៍គុយបា (CRAF) បានធ្លាក់់នៅតំបន់ជម្រាលភ្នំមួយ ស្ថិតនៅក្នុងខេត្តហូលហ្គីន (Holguin) នៅពេលវាកំពុងធ្វើដំណើរ ឆ្ពោះទៅកាន់ខេត្ត ហ្គាន់តាណាម៉ូ (Guantanamo)។
គួរបញ្ជាក់ថា មូលហេតុចម្បងដែលបានបង្កឲ្យ ឧទ្ធម្ភាគចក្រយោធាគុយបាធ្លាក់នោះ នៅមិនទាន់មាននរណាដឹងឡើយ ខណៈក្រុមសង្គ្រោះត្រូវបានបញ្ជូន ទៅកាន់តំបន់ខាងលើនេះហើយ ដើម្បីគ្រប់គ្រងស្ថានការណ៍ និងស៊ើបអង្កេតរកមូលហេតុធ្លាក់៕