(ព្រុចសែល)៖ ប្រធានគណៈកម្មការអ៊ឺរ៉ុបលោកស្រី វ៉ុន ដឺ ឡេយែន (Ursula von der Leyen) នៅថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងទីផ្សារអឺរ៉ុបហើយ ដែលការអនុញ្ញាតនេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីនិយ័តករឱសថរបស់ប្លុកអ៊ឺរុប បានផ្តល់ការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១។
លោកស្រី វ៉ុន ដឺ ឡេយែន បានលើកឡើងថា «ខណៈជម្លាះរីកធំឡើងកាន់តែខ្លាំងរវាងសហភាពអឺរ៉ុប និងក្រុមហ៊ុនអង់គ្លេស AstraZeneca ជុំវិញការពន្យារពេលនៃផលិតកម្មវ៉ាក់សាំង ខ្ញុំរំពឹងថាក្រុមហ៊ុននេះ នឹងផ្តល់ជូននូវវ៉ាក់សាំងចំនួន ៤០០លានដូស ដែលស្របទៅតាមកិច្ចព្រមព្រៀង ដែលបានធ្វើជាមួយគ្នា»។
គួរបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca នេះ គឺជាវ៉ាក់សាំងទីបីហើយ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់ នៅក្នុងប្លុកដែលមានប្រទេសសរុបចំនួន ២៧ បន្ទាប់ពីវ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ (Pfizer-BioNTech) និងក្រុមហ៊ុនអាមេរិក Moderna៕