(បាងកក)៖ មន្ត្រីជាន់ខ្ពស់ថៃមួយរូប បាននិយាយឲ្យដឹងនៅថ្ងៃសុក្រនេះថា ផែនការរបស់ប្រទេសថៃក្នុងការផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca នៅក្នុងស្រុក កំពុងដំណើការហើយ ដើម្បីត្រៀមខ្លួនក្នុងការចាប់ផ្តើមប្រតិបត្តិការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅក្នុងខែមិថុនា ជាមួយនឹងសមត្ថភាពផលិតរហូតដល់ ១៨លានដូសក្នុងមួយខែ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១។
ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ទេថា តើវ៉ាក់សាំងដែលផលិតបាន ក្រោមកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន AstraZeneca នឹងត្រូវផ្តល់ជូនពលរដ្ឋថៃចំនួនប៉ុន្មាន និងសម្រាប់ការនាំចេញទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ចំនួនប៉ុន្មាននោះទេ ខណៈពួករិះគន់ បានរិះគន់ថា មានភាពយឺតយ៉ាវ និងខ្វះតម្លាភាព។
គម្រោងផលិតវ៉ាក់សាំង របស់ក្រុមហ៊ុន AstraZeneca នៅក្នុងស្រុក ត្រូវធ្វើឡើង ដោយក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះថា Siam Bioscience ដែលគ្រប់គ្រងដោយអាជីវកម្មដ៏ធំរបស់ស្តេចថៃ។
ប្រធានវិទ្យាស្ថានវ៉ាក់សាំងជាតិ លោក Nakorn Premsri បានប្រាប់សារព័ត៌មាន Reuters ក្នុងបទសម្ភាសន៍មួយថា ការធ្វើតេស្តសាកល្បងលើកដំបូង គ្រោងនឹងត្រូវបញ្ចប់នៅចុងខែឧសភា ខណៈផលិតកម្មសម្រេចដំបូង នឹងចេញជាលទ្ធផលនៅខែមិថុនា។
លោក Nakorn បានសង្កត់ធ្ងន់ថា ប្រទេសថៃបានជ្រើសរើសផលិតវ៉ាក់សាំងក្នុងស្រុក ពីព្រោះចង់ធានាឲ្យបាននូវការផ្គត់ផ្គង់វ៉ាក់សាំងផ្ទាល់ខ្លួន ចំពេលដែលសកលលោក កំពុងប្រញាប់ប្រញាល់ ដើម្បីទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ដែលបានសម្លាប់មនុស្សជាងពីរលាននាក់នៅទូទាំងពិភពលោក។
គួរបញ្ជាក់ថា ថៃ ក៏បានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង ពីក្រុមហ៊ុនចិន Sinovac ចំនួន ២លានដូសផងដែរ ដែលវ៉ាក់សំាងទាំងនេះចំនួន ២០០,០០០ដូស ត្រូវបានគេរំពឹងថា នឹងមកដល់ប្រទេសនៅខែកម្ភៈ ទោះបីជាវា៉ាក់សាំងនេះ មិនទាន់ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ ដោយនិយតករថៃនៅឡើយក៏ដោយ៕