(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រង COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃសុក្រនេះបានរាយការណ៍ អំពីការរកឃើញនូវករណីឆ្លង COVID-19 ថ្មីៗចំនួន ៨០២ករណី បន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១។
បើតាមអ្នកនាំពាក្យ CCSA លោក ថាវីស៊ីព វីសានុយោធីន (Taweesilp Visanuyothin) ក្នុងចំណោមករណី COVID-19 ឆ្លងថ្មីៗទាំង ៨០២ករណីខាងលើ មាន ៧៨១ករណី ជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន ៦៩២ករណី ត្រូវបានរកឃើញតាមរយៈធ្វើតេស្តលើជនអន្ដោប្រវេសន៍មីយ៉ាន់ម៉ា និងជនជាតិថៃ នៅតាមរោងចក្រ និងសហគមន៍ភាគច្រើនដែលរស់នៅខេត្តសាមុត សាខុន (Samut Sakhon)។ ចំណែកឯ ២១ករណីទៀត ជាករណីនាំចូល ត្រូវបានរកឃើញ នៅលើអ្នកដំណើរដែលវិលត្រលប់មកពីបរទេសវិញ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ១៧,០២៣ករណី ក្នុងនោះរួមមាន ១៤,៥៨៥ករណី ជាករណីឆ្លងក្នុងស្រុក និង ២,៤៣៨ករណីទៀតជាករណីនាំចូល ខណៈអ្នកជំងឺសរុប ៧៦នាក់បានស្លាប់ និង ១១,៣៩៦នាក់ទៀតបានជាសះស្បើយឡើងវិញ៕