Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិន នឹងឈប់ទទួលស្គាល់លិខិតឆ្លងដែនអង់គ្លេស សម្រាប់ពលរដ្ឋហុងកុង ចាប់ពីថ្ងៃទី៣១ ខែមករានេះ ​​​​(Video inside)

29-01-2021 16:14

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian នៅថ្ងៃសុក្រនេះ បានប្រកាសថា ប្រទេសចិន នឹងមិនទទួលស្គាល់លិខិតឆ្លងដែនពិសេសរបស់ ចក្រភពអង់គ្លេស BNO (British National Overseas) សម្រាប់ប្រជាជនហុងកុង ជាឯកសារធ្វើដំណើរមានសុពលភាព ឬសម្រាប់បញ្ជាក់អត្តសញ្ញាណ ទៀតឡើយ ចាប់ពីថ្ងៃទី៣១ ខែមករានេះ តទៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១។

ការប្រកាសខាងលើរបស់ទីក្រុងប៉េកាំង កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីចក្រភពអង់គ្លេស នៅថ្ងៃសុក្រនេះដែរ បានប្រកាសថា ខ្លួនកំពុងត្រៀមដាក់ឱ្យ ប្រើទិដ្ឋាការថ្មីមួយ សម្រាប់ប្រជាជនហុងកុង។ ប្រជាជនហុងកុងទាំងឡាយណា ដែលមានឋានៈជាពលរដ្ឋអង់គ្លេស នៅឯក្រៅប្រទេស ឬកាន់លិខិតឆ្លងដែន BNO មុនថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧។ ពោលគឺមុនពេលអង់គ្លេស ប្រគល់ហុងកុងទៅឱ្យចិនគ្រប់គ្រងវិញ នឹងត្រូវបានអនុញ្ញាត ចាប់ពីថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះតទៅ ឱ្យស្នើសុំសិទ្ធិរស់នៅ និងធ្វើការក្នុងចក្រភពអង់គ្លេសបាន ក្នុងរយៈពេលរហូតដល់ទៅ ៥ឆ្នាំ ហើយក៏អាចស្នើសុំសញ្ជាតិអង់គ្លេសផងដែរ។ ប្រជាជនហុងកុង កើតមុន ឆ្នាំ១៩៩៧ គឺមានសិទ្ធិស្របច្បាប់ទទួលបានឋានៈជាពលរដ្ឋអង់គ្លេសនៅឯក្រៅប្រទេស ឬអាចកាន់លិខិតឆ្លងដែន BNO។

គួរបញ្ជាក់ថា មុនការផ្លាស់ប្ដូរខាងលើ អ្នកកាន់លិខិតឆ្លងដែន BNO មានសិទ្ធិស្នាក់នៅក្នុងចក្រភពអង់គ្លេស ត្រឹមតែ៦ខែប៉ុណ្ណោះ ដោយមិនអាចធ្វើការ ឬស្នាក់នៅ ជាអចិន្ត្រៃយ៍បានឡើយ។ ការសម្រេចចិត្តផ្លាស់ប្ដូរទិដ្ឋាការថ្មីនេះ ត្រូវបានរដ្ឋាភិបាលទីក្រុងឡុងដ៍ អះអាងថាជាការឆ្លើយតបទៅនឹងច្បាប់សន្តិសុខជាតិថ្មីដែលចិន ដាក់ឱ្យអនុវត្តលើទីក្រុងហុងកុង កាលពីឆ្នាំ២០២០ ដែលត្រូវបានបណ្ដាប្រទេសលោកខាងលិច ចាត់ទុកថាគឺជាការបំផ្លិចបំផ្លាញសេរីភាព និងប្រជាធិបតេយ្យ របស់ប្រជាជនហុងកុង។

ប៉ុន្តែ ទីក្រុងប៉េកាំង បានច្រានចោលរាល់ការចោទប្រកាន់ ជាមួយការបញ្ជាក់ថា ច្បាប់សន្តិសុខជាតិថ្មី នឹងមិនបង្កផលប៉ះពាល់អ្វីទាំងអស់ ដោយវាមានគោលដៅ ក្នុងការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ទីក្រុងហុងកុង ដែលជាកិច្ចការផ្ទៃក្នុងរបស់ចិន មិនតម្រូវឱ្យប្រទេសដទៃលូកដៃចូលនោះទេ៕