(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃសុក្រនេះ បានប្រកាសថា ប្រទេសចិននាំចេញម៉ាសបានចំនួនច្រើនជាង ២២០ពាន់លានសន្លឹក កាលពីឆ្នាំ២០២០កន្លងទៅ ដោយសារតែវិបត្តិ COVID-19 ជំរុញឲ្យតម្រូវការកើនឡើងខ្ពស់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១។
ក្រៅពីម៉ាស អនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន លោក ឈាន ឃើមិង (Qian Keming) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ចិនក៏បាននាំចេញសម្ភារៈប្រយុទ្ធប្រឆាំងជំងឺឆ្លងចំនួន ២.៣ពាន់លានឈុត និងឧបករណ៍ធ្វើតេស្តរកមេរោគចំនួន ១ពាន់លានឈុត ផងដែរ។ បើតាមលោក Qian ការនាំចេញរបស់របរទាំងនេះ គឺជាការចូលរួមចំណែកដ៏ធំធេងនិងសំខាន់មួយរបស់ចិន ក្នុងកិច្ចប្រឹងប្រែងជាសកលដើម្បីប្រយុទ្ធនឹងវិបត្តិ COVID-19។
គួរបញ្ជាក់ថា បើគិតពីការនាំចេញម៉ាសជាង ២២០ពាន់លានខាងលើតែឯងប៉ុណ្ណោះ គឺមានតម្លៃជាទឹកប្រាក់សរុប៥២.៦ពាន់លានដុល្លារ។ ចិនគឺជាដំបូងគេដែលបានងើបឡើងពីវិបត្តិ COVID-19 ក្រោយអនុវត្តន៍វិធានការរឹតត្បិតយ៉ាងតឹងរ៉ឹង ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃវីរុស ហើយចិនក៏ត្រូវគេរំពឹងដែរថា គឺជាប្រទេសមហាអំណាចពិភពលោកតែមួយគត់ ដែលនឹងទទួលបានកំណើនសេដ្ឋកិច្ចក្នុងកម្រិតវិជ្ជមាន៕