(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅញូយ៉ក) បានស្នើឲ្យប្រទេសចិន និងសហរដ្ឋអាមេរិកចូលរួមសហការគ្នា ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១។
លោក Guterres បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា «បម្រែបម្រួលអាកាសធាតុនេះ គឺជាបញ្ហាមួយដែលខ្ញុំជឿជាក់ថា វាជាផលប្រយោជន៍រួម ហើយការអំពាវនាវរបស់ខ្ញុំគឺសុំឲ្យភាគីទាំងពីរ (សហរដ្ឋអាមេរិក និងប្រទេសចិន) រួមជាមួយសហគមន៍អន្តរជាតិទាំងមូល ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុនេះរួមគ្នា»។
លោក Guterres បានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិក និងប្រទេសចិន អាចចូលរួមយ៉ាងខ្លាំងក្លាក្នុងការរៀបចំសម្រាប់ សន្និសីទស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុរបស់ UN លើកទី ២៦ ដែលគ្រោងនឹងប្រព្រឹត្តិឡើងនៅខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីឈានទៅរកអព្យាក្រឹតភាពកាបូន «នៅក្នុងវិធីដែលអាចធ្វើទៅបានយ៉ាងលឿនបំផុត»។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ចន ឃើរី (John Kerry) បាននិយាយថា សហរដ្ឋអាមេរិកនឹងព្យាយាមរក្សាកិច្ចចរចា លើបញ្ហាបម្រែបម្រួលអាកាសធាតុជាមួយប្រទេសចិន ដាច់ដោយឡែកពីភាពមិនចុះសម្រុងផ្សេងទៀត ដែលជះឥទ្ធិពលដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ បន្ថែមពីនេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏បានប្រកាសដាក់សហរដ្ឋអាមេរិក ទៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ឡើងវិញផងដែរ៕