(ប្រេស៉ីឡា)៖ ក្រុមអ្នកស្រាវជ្រាវនៅប្រទេសប្រេស៉ីល បានរកឃើញអ្នកជំងឺមួយចំនួន ដែលផ្ទុកវីរុស COVID-19 ដល់ទៅ ០២ទម្រង់ផ្សេងគ្នាក្នុងពេលតែមួយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១។
កន្លងមកមានអ្នកជំងឺយ៉ាងហោចណាស់ ០២នាក់ ត្រូវបានក្រុមជំនាញបញ្ជាក់ថា មានផ្ទុកវីរុស COVID-19 ០២ទម្រង់ផ្សេងគ្នាក្នុងពេលតែមួយ ដោយក្នុងនោះរួមមានទាំងវីរុសទម្រង់ថ្មី ដែលរកឃើញនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូងផងដែរ។ ប៉ុន្តែទន្ទឹមគ្នានោះ អ្នកជំងឺទាំងពីរនាក់បានបង្ហាញរោគសញ្ញា ក្នុងកម្រិតស្រាលប៉ុណ្ណោះ ហើយពួកគេបានជាសះស្បើយវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដោយមិនចាំបាច់ទទួលការព្យបាល នៅមន្ទីរពេទ្យឡើយ។
គួរបញ្ជាក់ថា បច្ចុប្បន្នមានវីរុស COVID-19 យ៉ាងតិច ០៥ទម្រង់ផ្សេងគ្នា ដែលកំពុងឆ្លងរាលដាលនៅក្នុងរដ្ឋ រីយ៉ូ ហ្គ្រេន សាល់ (Rio Grande Sul) ភាគខាងត្បូងប្រទេសប្រេស៉ីល ក្នុងនោះរួមមានទាំងទម្រង់ថ្មីមួយ ដែលគេមិនធ្លាប់ស្គាល់ពីមុនមកហៅថា VUI-NP13L។ មកទល់ពេលនេះ ប្រេស៉ីលបានរកឃើញករណីឆ្លង COVID-19 សរុបជាង ១០លានករណី ក្នុងនោះមានមនុស្សស្លាប់ជាង ២២១,០០០នាក់៕