(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក) បានទទួលការចាក់វ៉ាក់សាំង COVID-19 សម្រាប់ដូសដំបូងរួចហើយ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១។
អគ្គលេខាធិការ UN បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម Twitter ថា លោកមានសំណាង និងពោពេញដោយអំណរគុណ ដែលបានទទួលការចាក់វ៉ាក់សាំងនេះ និងបានជំរុញឱ្យសហគមន៍អន្តរជាតិ ធានាបាននូវការផ្ដល់ការចាក់វ៉ាក់សាំង ជូនដល់មនុស្សគ្រប់គ្នា ដោយឈរលើមូលដ្ឋានសមធម៌ផងដែរ។ លោក Antonio Guterres បានលើកឡើងយ៉ាងថា «ចំពោះជំងឺរាតត្បាតសកល COVID-19 នេះ គ្មាននរណាម្នាក់មានសុវត្ថិភាពទេ ដរាបណាយើងទាំងអស់គ្នាមានសុវត្ថិភាព»។
លោក Guterres ដែលមានអាយុ ៧១ឆ្នាំ មានសិទ្ធិទទួលបានការចាក់វ៉ាក់សាំង COVID-19 នេះ ដោយផ្អែកលើអាយុរបស់លោក។ ប្រជាជននៅញូយ៉ក ដែលមានអាយុលើសពី ៦៥ឆ្នាំត្រូវបានរាប់បញ្ចូលក្នុងក្រុមមនុស្សមានអាទិភាព ក្នុងនោះរួមបញ្ចូលទាំងបុគ្គលិកធ្វើការនៅសាលារៀន, បុគ្គលិកផ្នែកដឹកជញ្ជូនសាធារណៈ, បុគ្គលិកលក់ទំនិញនៅតាមហាង និងអាជ្ញាធរដោះស្រាយនាគ្រាមានអាសន្នជាដើម។
គួរបញ្ជាក់ថា លោក Guterres បានទទួលការចាក់វ៉ាក់សាំង COVID-19 សម្រាប់ដូសដំបូងនៅឯវិទ្យាល័យ អាដឡៃ ស្ទេវិនសុន (Adlai E. Stevenson) ក្នុងសង្កាត់ ប្រុនស៍ (Bronx) ដែលមានចម្ងាយប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ ពីទីស្នាក់ការកណ្តាលរបស់ UN នៅបុរីញូយ៉ក៕