(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីសិង្ហបុរីលោក លី សៀនឡុង (Lee Hsien Loong) នៅថ្ងៃសុក្រនេះបានទទួលការចាក់វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ (Pfizer-BioNTech) សម្រាប់ដូសទី ២ ហើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១។
លោក Lee បានទទួលការចាក់វ៉ាក់សាំង COVID-19 សម្រាប់ដូសទី ២ នៅឯមន្ទីរពេទ្យសិង្ហបុរីនាព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីលោកបានទទួលការចាក់វ៉ាក់សាំងនេះ សម្រាប់ដូសដំបូងកាលពីថ្ងៃទី០៨ ខែមករាកន្លងទៅ។ លោក Lee បានសរសេរសារបង្ហោះនៅលើ គណនីហ្វេសប៊ុករបស់លោកថា «វាដូចគ្នាទៅនឹងការចាក់វ៉ាក់សាំងនេះ ជាលើកដំបូងរបស់ខ្ញុំដែរ ដែលវាមានភាពរហ័ស និងគ្មានភាពឈឺចាប់អី្វទាំងអស់»។
លោក Lee បានបន្ថែមទៀតថា ប្រទេសសិង្ហបុរីកំពុងបង្កើនកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន និងកំពុងបើកមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបន្ថែមទៀត ដោយលោកបានសង្កត់ធ្ងន់ថា «ចូរទៅចាក់វ៉ាក់សាំង នៅពេលដែលវាដល់វេនរបស់អ្នក។ វានឹងមិនត្រឹមតែការពារអ្នកទេ ប៉ុន្តែថែមទាំងការពារគ្រួសារ មិត្តភក្តិ និងមនុស្សគ្រប់គ្នា ដែលអ្នកមានទំនាក់ទំនងជាមួយ»។
គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលសិង្ហបុរី គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មនុស្សជាង ១១៣,០០០នាក់នៅទូទាំងប្រទេស បានទទួលការចាក់វ៉ាក់សាំង COVID-19 សម្រាប់ដូសដំបូងរបស់ពួកគេរួចហើយ ខណៈមនុស្សជាង ៥០នាក់ទៀតក៏បានទទួលការចាក់វ៉ាក់សាំងនេះសម្រាប់ដូសទី ២ ផងដែរ។ រហូតមកទល់ពេលនេះ ប្រទេសសិង្ហបុរីបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៥៩,៤២៥ករណី ក្នុងនោះមានអ្នកស្លាប់ ២៩នាក់ និងអ្នកជាសះស្បើយ ៥៩,១៤៨នាក់៕