(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៦២,៥៧៤នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ៣,៩០៨នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៦,៣៣៨,៦០៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៤៤៣,៧៦៩នាក់ និងជាសះស្បើយឡើងសរុប ១៦,០៧០,១២៧លាននាក់។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារសប្តាហ៍នេះ លោក ចូ បៃដិន បានបញ្ជាទិញវ៉ាក់សាំង COVID-19 រហូតដល់ ២០០លានដូសទៀត ដើម្បីចែកចាយនៅទូទាំងសហរដ្ឋអាមេរិក។ ប៉ុន្តែទន្ទឹមគ្នាលោកក៏បានព្រមានផងដែរថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 អាចនឹងកើនលើស ៦០០,០០០នាក់ និងបានជំរុញឱ្យសភាទាំង២របស់សហរដ្ឋអាមេរិក ពន្លឿនការអនុម័តផែនការកញ្ចប់ថវិកា ១.៩ទ្រីលានដុល្លាររបស់លោក ដើម្បីប្រយុទ្ធប្រឆាំង COVID-19 និងគាំទ្រដល់ជីវភាពប្រជាជនអាមេរិក៕