(អាមេរិក)៖ ក្រុមហ៊ុនអាកាសចរណ៍ American Airlines Group Inc បានរាយការណ៍ពីការខាតបង់ប្រចាំឆ្នាំ ចំនួន៨,៩ពាន់លានដុល្លារអាមេរិក នៅថ្ងៃព្រហស្បត្តិ៍នេះ, ជាការខាតបង់ច្រើនជាងគេបំផុត នៅក្នុងកំណត់ត្រារបស់ខ្លួន, ដោយសារតែការរឹតត្បិតលើការធ្វើដំណើរ និងការបិទប្រទេស ដោយសារតែការរីករាលដាល នៃវីរ៉ុស COVID-19 ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើវិស័យអាកាសចរណ៍ ក្នុងឆ្នាំ២០២០, នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនាយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ។
ក្រុមហ៊ុនអាកាសចរណ៍ សង្ឃឹមថាការធ្វើអាជីវកម្មរបស់ខ្លួន នឹងប្រសើរឡើងនៅឆ្នាំនេះ ដោយសារវ៉ាក់សាំង COVID-19 ត្រូវបានចែកចាយកាន់តែច្រើន។ ទោះជាយ៉ាងណាក៏ដោយ វីរុសប្រភេទថ្មី បានបង្កឱ្យមានការរឹតបន្តឹងច្បាប់ សម្រាប់ការធ្វើដំណើរអន្តរជាតិ នៅក្នុងប្រទេសនានា រួមទាំងសហរដ្ឋអាមេរិកផងដែរ។
ក្រុមហ៊ុន American Airlines បានបង្ហាញការខាតបង់សុទ្ធ ចំនួន២,១៨ពាន់លានដុល្លារ ឬក៏៣,៨១ដុល្លារក្នុងមួយភាគហ៊ុន នៅក្នុងត្រីមាសទី៤ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០, ធៀបនឹងប្រាក់ចំណេញ៤១៤លានដុល្លារ ឬក៏៩៥ដុល្លារក្នុងមួយភាគហ៊ុន កាលពីឆ្នាំមុន៕