(វែលីងតន់)៖ មន្ត្រីជាន់ខ្ពស់នូវែលហ្សេឡង់ នៅថ្ងៃព្រហស្បតិ៍នេះ បានណែនាំដល់ប្រទេសអូស្រ្តាលី ឲ្យប្រកាន់យកនូវវិធីសាស្រ្តទន់ភ្លន់របស់ខ្លួន ទៅប្រើប្រាល់ក្នុងការទំនាក់ទំនងជាមួយចិន ដែលនេះគឺជាការមិនចុះសម្រុងគ្នាជាសាធារណៈដ៏កម្រមួយ រវាងប្រទេសជិតខាងទាំងពីរ ជុំវិញទំនាក់ទំនងទ្វេភាគីជាមួយក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១។
ដោយចង្អុលបង្ហាញពីភាពជោគជ័យថ្មីៗរបស់ទីក្រុង Wellington ក្នុងកិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសចិន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនូវែលសេឡង់ លោក Damien O'Connor បានជំរុញឲ្យភាគីអូស្រ្តាលីបង្ហាញការគោរពបន្ថែមទៀត ដល់ទីក្រុងប៉េកាំង។
«ខ្ញុំ មិនអាចនិយាយជំនួសឲ្យអូស្រ្តាលី និងវិធីសាស្ត្រទំនាក់ទំនងការទូតរបស់គេបានទេ ប៉ុន្តែច្បាស់ណាស់ប្រសិនបើពួកគេធ្វើតាមយើង ហើយបង្ហាញការគោរពបន្ថែមទៀត ខ្ញុំគិតថាមិនយូរទេ...ពួកគេនឹងស្ថិតក្នុងស្ថានភាពប្រហាក់ប្រហែលគ្នានឹងយើង»។ នេះជាការលើកឡើងរបស់លោក O'Connor។
គួរបញ្ជាក់ថា នូវែលហ្សេឡង់ បានបង្ហាញភាពស្ទាក់ស្ទើររបស់ខ្លួន ក្នុងការចុះហត្ថលេខាសេចក្តីថ្លែងការណ៍រួម ជាមួយក្រុមប្រទេសភ្នែក ៥ ឬ Five Eyes ដែលរួមមានសហរដ្ឋអាមេរិក អង់គ្លេស កាណាដា និងអូស្ត្រាលី ចំពោះរិះគន់ការបង្ក្រាបរបស់ចិន លើចលនាប្រជាធិបតេយ្យហុងកុង និងការចាប់ខ្លួនសកម្មជន នាពេលថ្មីៗនេះ៕