(សិង្ហបុរី)៖ ក្រសួងសុខាភិបាលនៃប្រទេសសិង្ហបុរី បាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករានេះថា បុគ្គលជាង ១១៣,០០០នាក់ បានទទួលចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នូវដូសដំបូង បានរួចរាល់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។
ចំណែកឯបុគ្គលជាង ៥០នាក់ផ្សេងទៀត បានទទួលការចាក់វ៉ាក់សាំងនូវដូសទី២ ដោយបានបញ្ចប់ការទទួលចាក់វ៉ាក់សាំងពេញលេញ។ ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ចំនួនអាចនឹងកើនឡើងច្រើននៅសប្តាហ៍បន្ទាប់ ខណៈដែលប្រតិបត្តិការចាក់វា៉ក់សាំងកំពុងបន្តយ៉ាងសកម្ម។
មន្ទីរពហុព្យាបាល និងគ្លីនិកត្រៀមបង្ការសុខភាពសាធារណៈ(PHPCs)ក៏នឹងក្លាយជាកន្លែងបម្រើការសម្រាប់ការចាក់វ៉ាក់សាំងផងដែរ ខណៈនៅពេលបច្ចុប្បន្ន មនុស្សវ័យចំណាស់ អាចទៅទទួលចាក់វា៉ាក់សាំងនៅមន្ទីពហុព្យាបាលចំនួន៩ និង PHPCs ចំនួន ២១កន្លែង។ ក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយថា ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះទៅ គ្លីនិកទាំង២០ នៅទូទាំងប្រទេស ក៏នឹងចាប់ផ្តើមផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ផងដែរ។
គួរបញ្ជាក់ថា ការចាក់វ៉ាក់សាំងសម្រាប់មនុស្សវ័យចំណាស់នៅតំបន់ Ang Mo Kio និង Tanjong Pagar ដែលមានអាយុលើស ៧០ឆ្នាំឡើងទៅ បានចាប់ផ្តើមកាលពីថ្ងៃពុធម្សិលមិញ ដោយក្នុងរយៈពេលមួយថ្ងៃ មានមនុស្សជាង ២៥០នាក់បានចាក់ដូសដំបូងរួចរាល់៕