(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានអំពាវនាវឱ្យមានការ «រួបរួមគ្នាជាធ្លុងមួយ» ដ៏ពិតប្រាកដនៅក្នុងចក្រភពអង់គ្លេស ជាមួយការសង្កត់ធ្ងន់ពី ផលប្រយោជន៍ដ៏អស្ចារ្យនៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១។
លោក បូរីស ចនសុន បានធ្វើការកត់សម្គាល់បែបនេះ មុននឹងលោកត្រូវបំពេញទស្សនកិច្ច ទៅកាន់ប្រទេសស្កុតឡេន នៅថ្ងៃព្រហស្បតិ៍នេះ ចំពេលរដ្ឋាភិបាលស្កុតឡែនរបស់លោកស្រី នីកូឡា ស្ទើរជីន (Nicola Sturgeon) កំពុងស្វះស្វែងរៀបចំការបោះឆ្នោតប្រជាមតិ លើការផ្ដាច់ខ្លួនចេញពីចក្រភពអង់គ្លេសជាលើកទី២។
ចំពោះមុខបញ្ហាខាងលើនេះ លោក បូរីស ចនសុន បានសង្កត់បន្ថែមទៀតថា អង់គ្លេស និងស្កុតឡែនកំពុងសហការគ្នាយ៉ាងល្អ ដើម្បីយកឈ្នះ COVID-19 ដោយរដ្ឋាភិបាលទីក្រុងឡុងដ៍បានបញ្ចេញថវិកា ១១.៧ពាន់លានដុល្លារ សម្រាប់រដ្ឋាភិបាលស្កុតឡែន យកទៅប្រើប្រាស់ដើម្បីគាំទ្រដល់សេវាសាធារណៈ និងទប់ស្កាត់ការបាត់បង់ការងារនៃប្រជាជនស្កុតឡែនច្រើនជាង ៩៣០,០០០នាក់។
គួរបញ្ជាក់ថា លោកស្រី Nicola Sturgeon ដែលជាមេដឹកនាំគណបក្សជាតិស្កុតឡេន (Scottish National Party ឬ SNP) កំពុងកាន់អំណាចធ្លាប់បានអះអាងថា រដ្ឋាភិបាលរបស់លោកស្រី នឹងរៀបចំការបោះឆ្នោតប្រជាមតិជាលើកទី ២ លើការផ្ដាច់ខ្លួនចេញពីចក្រភពអង់គ្លេស ប្រសិនបើគណបក្សលោកស្រីទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតសភា ដែលគ្រោងនឹងប្រព្រឹត្តទៅខែឧសភាខាងមុខនេះ។
ស្កុតឡែនដែលជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៤ ចំណុះឲ្យចក្រភពអង់គ្លេស ធ្លាប់បានរៀបចំការបោះឆ្នោតប្រជាមតិ ចាកចេញពីចក្រភពនេះម្ដងរួចមកហើយ កាលពីខែកញ្ញា ឆ្នាំ២០១៤ ប៉ុន្តែបានទទួលបរាជ័យ ដោយសារសំឡេងប្រជាជនរហូតដល់ ៥៥ភាគរយ ចង់ឱ្យប្រទេសដ៏ស្ងប់សុខរបស់ពួកគេ បន្តស្ថិតនៅក្នុងចក្រភពអង់គ្លេសដដែល៕