Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: ក្នុងថ្ងៃព្រហស្បតិ៍ដដែល វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ ចំំនួន ៨២នាក់ទៀត! ​​​​(Video inside)

28-01-2021 15:27

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា មនុស្ស ៨២នាក់បានធ្វើតេស្ដវិជ្ជមាន COVID-19 ហើយករណីឆ្លងទាំងនេះមាន ជាប់ពាក់ព័ន្ធនឹងអ្នកឆ្លង ០២នាក់ ដែលត្រូវបានរាយការណ៍កាលពីព្រឹកមិញនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានវៀតណាម VN Express នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១។

បើតាមក្រសួងសុខាភិបាលវៀតណាម ក្នុងចំណោមអ្នកឆ្លងថ្មីៗខាងលើទាំង ៨២នាក់ មាន ៧២នាក់ បម្រើការងារនៅឯក្រុមហ៊ុនអេឡិចត្រូនិកផូយឹន (Vietnam Poyun Electronics Co., Ltd.) ស្ថិតនៅក្នុងខេត្ត ហៃដួង (Hai Duong) និង ១០នាក់ផ្សេងទៀតនៅឯអាកាសយានដ្ឋានអន្តរជាតិ វ៉ានដន (Van Don International Airport) ក្នុងខេត្ត ក្វាងនិញ (Quang Ninh) ដែលសុទ្ធសឹងជាខេត្ត ស្ថិតនៅភាគខាងជើងវៀតណាមដូចគ្នា។

ក្រសួងសុខាភិបាលវៀតណាមបានបន្ថែមទៀតថា អ្នកឆ្លងថ្មីៗទាំង ៨២នាក់នេះ ធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងអ្នកឆ្លង COVID-19 ចំនួន ០២នាក់ ដែលត្រូវបានរាយការណ៍ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ដដែលនេះ ហើយសុទ្ធតែជាករណីឆ្លងក្នុងស្រុកលើកដំបូងបំផុត មិនធ្លាប់មានក្នុងរយៈពេលជិត ២ខែមកនេះ។

ករណីឆ្លងថ្មីទាំងពីរខាងលើនេះ ត្រូវបានរកឃើញនៅក្នុងខេត្តភាគខាងជើងគឺ ហៃដួង (Hai Duong) និង ក្វាងនិញ (Quang Ninh) ហើយ ០១ករណីមានជាប់ពាក់ព័ន្ធនឹង វីរុស COVID-19 ទម្រង់ថ្មីចក្រភពអង់គ្លេស។ ក្រោយការរកឃើញនេះហើយ ទើបក្រសួងសុខាភិបាលវៀតណាម បានបង្គាប់ឲ្យអាជ្ញាធរនៅតាមខេត្ត និងស្ថាប័នរដ្ឋទាំងអស់នៅទូទាំងប្រទេស បង្កើនសកម្មភាពត្រួតពិនិត្យ រកអ្នកឆ្លងឲ្យបានតឹងរ៉ឹងបំផុត៕