Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក នឹងឈរប្រកៀកស្មាជាមួយប្រទេសអាស៊ីអាគ្នេយ៍ ប្រឈមមុខនឹងចិន ​​​​(Video inside)

28-01-2021 14:23

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសជាសាធារណៈថា ទីក្រុងវ៉ាស៊ីនតោន ច្រានចោលការទាមទាររបស់ចិន លើតំបន់ សមុទ្រចិនខាងត្បូង ហួសពីអ្វីដែលច្បាប់អន្តរជាតិអនុញ្ញាត ហើយនឹងឈរប្រកៀកស្មាជាមួយបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ប្រឈមមុខនឹងទីក្រុងប៉េកាំង។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១។

លោក Antony Blinken ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin នៅថ្ងៃពុធសប្ដាហ៍នេះ ដែលចេញផ្សាយនៅក្នុងសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេសអាមេរិក។ បើតាមសេចក្ដីថ្លែងការណ៍ដដែល លោក Blinken ក៏បានសន្យាថា «សហរដ្ឋអាមេរិក នឹងឈរប្រកៀកស្មាជាមួយបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីប្រឆាំងនឹងសម្ពាធទាំងឡាយពីចិន»

គួរបញ្ជាក់ថា ចិន បានទាមទារសិទ្ធិគ្រប់គ្រងស្ទើតែទាំងស្រុងលើតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង ជាមួយប្រទេសជាគូជម្លោះដទៃដូចជា ហ្វីលីពីន, វៀតណាម, ប្រ៊ុយណេ, ម៉ាឡេស៊ី និងកោះតៃវ៉ាន់។ សហរដ្ឋអាមេរិក បានចោទថាចិនបានឆ្លៀតឱកាសនៃការឆ្លងរាតត្បាត COVID-19 ដើម្បីបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់ សមុទ្រចិនខាងត្បូង។ ប៉ុន្តែ ចិនបានចោទបកទៅវិញថា ទីក្រុងវ៉ាស៊ីនតោនគឺជាអ្នកបង្កភាពតានតឹងនៅក្នុងតំបន់ តាមរយៈការបញ្ជូននាវាចម្បាំងមកកាន់តំបន់ ដែនទឹកជម្លោះជារឿយៗ៕