(វ៉ាស៉ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់កឺប៊ឺក (Mark Zuckerberg) នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បាននិយាយថា Facebook នឹងលែងណែនាំក្រុម (group) ប្រភេទជាក្រុមនយោបាយ ឲ្យអ្នកប្រើប្រាស់ឃើញទៀតហើយ ដោយចំណាត់ការនេះ គឺជាមានលក្ខណៈជាអចិន្រ្តៃយ៍ និងនៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១។
កាលពីខែតុលា ឆ្នាំ២០២០ Facebook ធ្លាប់បានប្រកាសថា ខ្លួនសម្រេចផ្អាកជាបណ្តោះអាសន្ន នូវការណែនាំគ្រុបនយោបាយដល់បណ្តាអ្នកប្រើប្រាស់បណ្តាញសង្គមយក្សនេះ ដែលស្ថិតក្នុងតែសហរដ្ឋអាមេរិកតែប៉ុណ្ណោះ នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក។ ប៉ុន្តែនៅថ្ងៃពុធសប្តាហ៍នេះ លោក Zuckerberg បានបញ្ជាក់ថា Facebook បានសម្រេចថា នឹងអនុវត្តគោលការណ៍នេះជាអចិន្រ្តៃយ៍ ហើយពង្រីកវិសាលភាពនៃការអនុវត្ត នៅទូទាំងពិភពលោកតែម្តង។
គួរបញ្ជាក់ថា បើតាមលោក Zuckerberg បណ្តាញសង្គម Facebook ក៏កំពុងពិចារណាលើវិធានការ ដើម្បីបន្ថយចំនួននៃមាតិកា ពាក់ព័ន្ធនឹងប្រធានបទនយោបាយ នៅក្នុងផ្ទាំងព័ត៌មាន (news feeds) របស់អ្នកប្រើប្រាស់ផងដែរ។
មិនទាន់មានការបញ្ជាក់មូលហេតុលម្អិត ដែលនាំឲ្យបណ្តាញសង្គម Facebook ឈានទៅធ្វើការផ្អាកការណែនាំក្រុម (group) ប្រភេទជាក្រុមនយោបាយ នៅទូទាំងពិភពលោកបែបនេះឡើយ ប៉ុន្តែក្រុមអ្នកអង្កេតការណ៍នៅអាមេរិកផ្ទាល់ កន្លងមកនេះបានធ្វើការរិះគន់ថា Group មួយចំនួននៅក្នុង Facebook នៅសហរដ្ឋអាមេរិក តែងតែត្រូវបានប្រើប្រាស់ ដើម្បីចែករំលែកព័ត៌មានមិនពិត និងជាកន្លែងដែលក្រុមជ្រុលនិយម ធ្វើការប្រមូលផ្តុំកម្លាំងរបស់ពួកគេ៕