(គូឡាឡាំពួរ)៖ តុលាការក្នុងប្រទេសម៉ាឡេស៊ី នៅថ្ងៃពុធសប្ដាហ៍នេះ បានផ្ដន្ទាទោសបុរសម្នាក់ដាក់ពន្ធនាគារ ១,០៥០ឆ្នាំ ពីបទរំលោភសេពសន្ថវៈកូនស្រីចុងរបស់ខ្លួនឯងរហូតដល់ ១០៥លើក ក្នុងរយៈពេល ០២ឆ្នាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១។
ក្រៅពីទោសជាប់ពន្ធនាគារ បុរសខាងលើដែលមិនត្រូវបានបញ្ជាក់អត្តសញ្ញាណ ក៏នឹងត្រូវបានគេវាយ ២៤រំពាត់ផងដែរ។ ចៅក្រមម៉ាឡេស៊ី លោកស្រី គូណាសាន់ដារី (Kunasundary) បានសម្រេចចិត្តផ្ដន្ទាទោសបុរសរូបនេះដាក់ពន្ធនាគារ ១០ឆ្នាំ និងវាយ ០២រំពាត់ សម្រាប់បទចោទរំលោភសេពសន្ថវៈនីមួយៗ ដែលសរុបទាំងអស់មាន ១០៥បទចោទ គិតចាប់តាំងពីថ្ងៃឃាត់ខ្លួន។
គួរបញ្ជាក់ថា បុរសខាងលើត្រូវបានចោទប្រកាន់ ពីបទរំលោភកូនស្រីចុងរបស់ខ្លួនឯង ក្នុងផ្ទះមួយកន្លែងស្ថិតនៅក្នុងទីក្រុង សាន់ហ្គៃ វ៉េយ៍ (Sungai Way) នៃរដ្ឋ សេឡាំហ្គ័រ (Selangor) ចាប់ពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។ ប៉ូលិសម៉ាឡេស៊ីបានឃាត់ខ្លួនបុរសរូបនេះ កាលពីថ្ងៃ២០ ខែមករា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះប៉ុណ្ណោះ៕