(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ចូ បៃដិន ចង់ឱ្យមានការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិមួយដ៏រឹងមាំ និងច្បាស់លាស់ ដើម្បីស្វែងរកប្រភពដើមនៃវីរុសកូរ៉ូណា COVID-19 នៅក្នុងប្រទេសចិន។ នេះបើតាមការថ្លែងពីអ្នកនាំពាក្យសេតវិមាន ដកស្រង់ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១។

នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនាថ្ងៃពុធសប្ដាហ៍នេះ អ្នកនាំពាក្យសេតវិមាន លោកស្រី ចេន ផ្សាគី (Jen Psaki) បានគូសបញ្ជាក់ទៀតថា ជាការពិតណាស់ ពួកគេត្រូវតែស្វែងរកការពិតពីប្រភពដើមនៃវីរុសកូរ៉ូណា និងការឆ្លងរាតត្បាតរបស់វា នៅទូទាំងសកលលោក។ លោកស្រី Psaki ក៏បានបង្ហាញពីក្ដីព្រួយបារម្ភផងដែរ ចំពោះព័ត៌មានដែលបង្កឱ្យមានការយល់ច្រឡំ ពីប្រភពមួយចំនួននៅក្នុងប្រទេសចិន។

គួរបញ្ជាក់ថា បច្ចុប្បន្នវីរុសកូរ៉ូណា COVID-19 បានផ្ដាច់ជីវិតមនុស្សច្រើនជាង ២លាននាក់ ក្នុងចំណោមករណីឆ្លងទាំងជាង ១០០លាននាក់នៅទូទាំងពិភពលោក ព្រមទាំងបានបង្កការខូចខាតយ៉ាងដំណំ ដល់សេដ្ឋកិច្ចពិភពលោក ចាប់តាំងពីវាផ្ទុះឡើងដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិនកាលពីចុងឆ្នាំ២០១៩។ អ្នកជំនាញមួយក្រុមនៃ អង្គការសុខភាពពិភពលោក WHO បានធ្វើដំណើរទៅដល់ទីក្រុងវូហាន កាលពីដើមខែកុម្ភៈនេះ ដើម្បីស៊ើបអង្កេតពីប្រភពដើមនៃវីរុសដ៏កាចសាហាវនេះ។

ក្រុមអ្នកវិទ្យាសាស្ត្រភាគច្រើនយល់ស្របដូចគ្នាថា វីរុសកូរ៉ូណា (COVID-19) មានប្រភពដើមចេញពីសត្វ ជាពិសេសគឺផ្សារលក់សត្វព្រៃ និងគ្រឿងសមុទ្រនៅក្នុងទីក្រុងវូហានតែម្ដង។ ប៉ុន្តែអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តែងតែបានចោទចិនដោយគ្មានភស្តុតាងថា វីរុសនេះគឺមានប្រភពចេញពីមន្ទីរពិសោធន៍ចិន ខណៈចិនវិញបានច្រានចោលទាំងស្រុង នូវការលើកឡើងរបស់លោក ដូណាល់ ត្រាំ ហើយចាត់ទុកការចោទប្រកាន់នេះ គឺជាការកេងចំណេញនយោបាយ នៅមុនបោះឆ្នោតកាលពីឆ្នាំ២០២០៕