(មូស្គូ)៖ សភារុស្ស៊ីនៅថ្ងៃពុធនេះ បានអនុម័តលើសេចក្តីព្រាងច្បាប់របស់ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន ក្នុងការបន្តសុពលភាពសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ(NEW START) សម្រាប់រយៈពេល ៥ឆ្នាំទៀត។ នេបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១។
នៅក្នុងសម័យប្រជុំពេញអង្គនៅថ្ងៃពុធនេះ សភាឌូម៉ាឬសភាជាន់ទាប បានអនុម័តសេចក្តីព្រាងច្បាប់របស់លោកពូទីន ដែលបានដាក់កាលពីថ្ងៃអង្គារ ស្តីពីការបន្តកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធយុទ្ធសាស្ត្រ រវាងរុស្ស៊ីនិងសហរដ្ឋអាមេរិក។
ប្រធានរដ្ឋឌូម៉ា លោក Vyacheslav Volodin បាននិយាយថា សន្ធិសញ្ញា NEW START ដែលប្រទេសមហាអំណាចនុយក្លេអ៊ែរធំបំផុតទាំងពីររបស់ពិភពលោកសម្រេចបានជាមួយគ្នា មិនអាចត្រូវបានគេមើលរំលងទេ ថ្បិតថា វាមានសារៈសំខាន់សម្រាប់ពិភពលោកទាំងមូល។
គួរជម្រាប សន្ធិសញ្ញា New START គឺជាកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១០ រវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ហើយនឹងត្រូវចប់សុពលភាពនៅដើមឆ្នាំ២០២១ នេះ។ សន្ធិសញ្ញានេះ មានគោលដៅគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងកាត់បន្ថយវាបន្តិចម្តងៗ ស្រមតាមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរឆ្នាំ១៩៦៨៕