(ណៃពិដោ)៖ នៅថ្ងៃពុធនេះមីយ៉ាន់ម៉ា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 នៅក្នុងប្រទេសខ្លួនហើយ ដោយក្រុមបុគ្គលិកសុខាភិបាលជួរមុខ ជាក្រុមទទួលបានអាទិភាពមុនគេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១។
យោងតាមក្រសួងសុខាភិបាលមីយ៉ាន់ ក្រុមបុគ្គលិកសុខាភិបាលជួរមុខ ត្រូវបានផ្តល់អាទិភាពទទួលការចាក់វ៉ាក់សាំង COVID-19 ចាប់ពីថ្ងៃពុធនេះទៅ ហើយបន្ទាប់ទៀតក្រុមសមាជិកសភា នឹងត្រូវទទួលបានការចាក់វ៉ាក់សាំង ចាប់ពីថ្ងៃសុក្រសប្តាហ៍នេះ ខណៈមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ត្រូវគេរំពឹងថានឹងចាក់វ៉ាក់សាំងប្រឆាំងជំងឺរាតត្បាតជាសកលនេះ នៅថ្ងៃព្រហស្បតិ៍ស្អែក។ ចាប់ពីខែកុម្ភៈខាងមុខ ទើបដល់វេនសាធារណជន។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន មីយ៉ាន់ម៉ាទើបទទួលបានវ៉ាក់សាំង COVID-19 ពីប្រទេសឥណ្ឌាចំនួន ១.៥លានដូស ដែលគ្រប់គ្រាន់សម្រាប់មនុស្ស ៧៥០,០០០នាក់។ វ៉ាក់សាំងនោះជាវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ដែលផលិតនៅឥណ្ឌា។ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានឲ្យដឹងថា វ៉ាក់សាំង AstraZeneca ប្រមាណ២លានដូសបន្ថែមទៀត នឹងមកដល់នៅសប្តាហ៍ដំបូងនៃខែក្រោយ៕