(ប៉ារីស)៖ ក្រុមហ៊ុនបារាំងសាណូហ្វី (Sanofi) បានប្រកាសថា ខ្លួននឹងជួយផលិតវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍរួមគ្នាដោយគូប្រជែងរបស់ខ្លួន គឺក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ១២៥លានដូស ខណៈការអភិវឌ្ឍបេក្ខភាពវ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថបារាំងមួយនេះ ប្រឈមមុខនឹងការពន្យារពេលជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធនេះ ក្រុមហ៊ុន Sanofi បានឱ្យដឹងទៀតថា ក្រុមហ៊ុន BioNTech មានមូលដ្ឋាននៅក្នុងប្រទេសអាល្លឺម៉ង់ នឹងផលិតវ៉ាក់សាំង COVID-19 នៅឯរោងចក្ររបស់ខ្លួនក្នុងទីក្រុង ហ្វ្រេងហ្វឺត (Frankfurt) ដោយចាប់ផ្ដើមនៅរដូវក្ដៅខាងមុខនេះ។ ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមហ៊ុន Sanofi មិនបានបង្ហើបឱ្យដឹងថា តើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Pfizer-BioNTech មានទំហំទឹកប្រាក់ប៉ុន្មាននោះទេ។
គួរបញ្ជាក់ថា ការប្រកាសខាងលើរបស់ក្រុមហ៊ុន Sanofi កើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលបារាំង បានដាក់សម្ពាធឱ្យក្រុមហ៊ុនឱសថមួយនេះ ប្រើប្រាស់រោងចក្ររបស់ខ្លួន ដើម្បីជួយផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការ និងដោះស្រាយបញ្ហាផ្គត់ផ្គង់។ ក្រុមហ៊ុនអាមេរិកបានទទួលរងសម្ពាធកាន់តែខ្លាំងខ្លាំង ពីសំណាក់រដ្ឋាភិបាលប្រទេសអឺរ៉ុបជាច្រើន ដោយសារតែការពន្យារពេល ក្នុងការផ្តល់វ៉ាក់សាំង COVID-19 ទៅតាមកិច្ចព្រមព្រៀង និងកំពុងធ្វើឲ្យកម្មវិធីចាក់វ៉ាក់សាំងអឺរ៉ុបជួបភាពរាំងស្ទះ៕