(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) នៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១នេះ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ដូសទីពីរ ដែលជាដូសចុងក្រោយសម្រាប់លោកហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ក្រោយចាក់វ៉ាក់សាំងដូសចុងក្រោយរួចរាល់ លោក Joko Widodo បាននិយាយថា «មិនខុសកាលពីពីរសប្តាហ៍មុនឡើយ, វាមិនឈឺទេ»។ ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលប្រជាជននិយមហៅឈ្មោះលោកថា ចូកូវី (Jokowi) បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទីមួយរបស់ក្រុមហ៊ុនចិន Sinovac កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។
បើតាមអ្នកនាំពាក្យអាជ្ញាធរប្រយុទ្ធប្រឆាំង COVID-19 របស់ឥណ្ឌូណេស៊ីបានអះអាងថា វ៉ាក់សាំង COVID-19 ដូសទីមួយនឹងជួយបង្កើតភាពសុំា ហើយដូសទីពីរវិញនឹងជួយពង្រឹងសមត្ថភាព នៃប្រព័ន្ធភាពសុំាដែលត្រូវបានបង្កើតឡើង ដើម្បីអាចទប់ទល់នឹងការឆ្លង។ អ្នកនាំពាក្យដដែលបានបន្តទៀតថា សមត្ថភាពនៃប្រព័ន្ធភាពសុំាក្នុងការទប់ទល់វីរុស COVID-19 នឹងវិវឌ្ឍកាន់តែប្រសើរឡើងនៅចន្លោះ ១៤-២៨ថ្ងៃ ក្រោយការចាក់វ៉ាក់សាំងដូសទីពីរ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីមានគម្រោងចាក់វ៉ាក់សាំង COVID-19 ដល់ប្រជាជនចំនួន ១៨១.៥លាននាក់ គិតត្រឹមឆ្នាំ២០២២ខាងមុខ ដើម្បីបង្កើតភាពសុំាជាសហគមន៍។ គិតត្រឹមថ្ងៃពុធនេះ ឥណ្ឌូណេស៊ីមានករណីឆ្លង COVID-19 សរុបជាង ១លានករណី ក្នុងនោះអ្នកស្លាប់មាន ២៨,៤៦៨នាក់ និងជាសះស្បើយឡើងវិញ ៨.២លាននាក់៕