(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងវ៉ាស៊ីនតោន) បានបោះឆ្នោតទទួលស្គាល់លោក Antony Blinken ជារដ្ឋមន្ត្រីការបរទេសទី៧១ របស់ សហរដ្ឋអាមេរិក ជាផ្លូវការហើយ។
លោក Blinken ត្រូវបានព្រឹទ្ធសភា បោះឆ្នោតទទួលស្គាល់ក្នុងសំឡេងគាំទ្រ ៧៨ ទល់នឹង២២សំឡេងជំទាស់។ លោកបានក្លាយជាប្រមុខការទូតអាមេរិក ចំពេលអាមេរិក កំពុងប្រឈមមុខនឹងវិបត្តិ រួមទាំងបញ្ហាជាច្រើន ដែលត្រូវរង់ចាំលោកដោះស្រាយ ក្នុងនោះរួមមាន COVID-19, ការកើនឡើងនៃឥទ្ធិពលចិន,នុយក្លេអ៊ែរកូរ៉េខាងជើង, អ៉ីរ៉ង់ និងការស្ដារទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត ដែលប្រេះឆាខ្ទេចខ្ទាំ ក្រោមរដ្ឋបាលអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ។
លោក Antony Blinken ត្រូវបានគេមើលឃើញថា នឹងនៅតែបន្តអនុវត្តតាមគោលនយោបាយការបរទេសមួយចំនួន របស់អតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ទាស់ខុសគ្នាត្រង់ វិធីសាស្រ្តអនុវត្ត តែប៉ុណ្ណោះ នោះគឺលោក Blinken នឹងផ្លាស់ប្ដូរគោលនយោបាយ «America First» របស់លោក ដូណាល់ ត្រាំ ទៅជា «America Together»។ ជាក់ស្ដែង លោក Blinken ផ្ទាល់ នៅក្នុងការបង្ហាញខ្លួនចំពោះមុខសមាជិកព្រឹទ្ធសភា កាលពីសប្ដាហ៍មុនបានអះអាងថា លោកគាំទ្រចំពោះគោលនយោបាយតឹងរ៉ឹងរបស់លោក ត្រាំ ចំពោះចិន ហើយថាក៏នឹងមិនលុបចោលការសម្រេចចិត្តប្ដូរស្ថានទូតអាមេរិក ទៅកាន់ទីក្រុង ហ្សេរុយសាឡឹម នោះដែរ។
ខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលគួរដឹងពីលោក Antony Blinken៖
*អឺរ៉ុបនិយម, ពហុគីនិយម និងអន្តរជាតិនិយម
លោក Antony Blinken មានអាយុ៥៨ឆ្នាំ និងធ្លាប់បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Harvard មានទំនាក់ទំនងយ៉ាងរឹងមាំជាមួយអឺរ៉ុប ដោយលោកអាចនិយាយភាសាបារាំង យ៉ាងស្ទាត់ជំនាញ។ លោក Blinken ជាមនុស្សម្នាក់ដែលមានជំនឿយ៉ាងមុតមាំ លើសម្ព័ន្ធភាពអន្តរអាត្លង់ទិច នោះគឺអង្គការ NATO តែម្ដង។ «ជាការពិតណាស់ ពិភពលោក មានសុវត្ថិភាព សម្រាប់ប្រជាជនអាមេរិក គឺនៅពេលដែលយើងមានមិត្ត, ដៃគូ និងសម្ព័ន្ធមិត្ត»។ នេះជាការលើកឡើងរបស់លោក Blinken កាលពីឆ្នាំ២០១៦។
លោក Blinken បានចាត់ទុកអឺរ៉ុប ជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់សហរដ្ឋអាមេរិក។ លោកក៏ធ្លាប់បានជំទាស់យ៉ាងខ្លាំងផងដែរ ចំពោះផែនការរបស់អតីតរដ្ឋបាល លោក ដូណាល់ ត្រាំ ក្នុងការដកកងទ័ពអាមេរិក ចេញពីអាល្លឺម៉ង់កាលពីឆ្នាំ២០២០ ដោយលោកហៅថា វាជាទង្វើឆោតល្ងង់ និងជាយុទ្ធសាស្ត្ររបស់ជនបរាជ័យ ដែលមានតែធ្វើឱ្យ NATO ទន់ខ្សោយ ហើយផ្ដល់ប្រយោជន៍ឱ្យរុស្ស៊ី ព្រមទាំងបង្កការខូចខាតដល់ប្រទេសអាល្លឺម៉ង់ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក តែប៉ុណ្ណោះ។ សម្រាប់លោក Blinken ការដោះស្រាយបញ្ហានានា ដូចជា ភេរវកម្ម, ការប្រែប្រួលអាកាសធាតុ, COVID-19, ពាណិជ្ជកម្ម, ចិន និងអ៉ីរ៉ង់ជាដើម សហរដ្ឋអាមេរិក គួរតែត្រូវដោះស្រាយបញ្ហា ទាំងឡាយ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត ដៃគូ និងបណ្ដាប្រទេសជាមិត្តរបស់ខ្លួនទាំងអស់។
*បទពិសោធន៍ ២៥ឆ្នាំ
លោក Antony Blinken ធ្លាប់បម្រើការងារនៅក្នុងក្រសួងការបរទេសអាមេរិក និងជាបុគ្គលិកម្នាក់ នៃក្រុមប្រឹក្សាសន្តិសុខជាតិ ជំនាន់អតីតរដ្ឋបាលលោកប្រធានាធិបតី ប៊ីល គ្លីនតុន ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០១ ដោយទទួលបន្ទុកជាជំនួយការពិសេសប្រធានាធិបតី រួមទាំងជាមន្ត្រីជាន់ខ្ពស់ម្នាក់ខាងកិច្ចការអឺរ៉ុប និងកាណាដា។
នៅឆ្នាំ២០០៨ លោក Blinken បានចាប់ផ្ដើមការងារនៅក្នុងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ចូ បៃដិន មុននឹងលោក បៃដិន ក្លាយជាបេក្ខជនអនុប្រធានាធិបតី របស់លោក បារ៉ាក់ អូបាម៉ា។ នៅពេលលោក បៃដិន ក្លាយជាអនុប្រធានាធិបតី ក្រោមអតីតរដ្ឋបាលលោក អូបាម៉ា លោក Blinken បានចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងការ រៀបចំគោលនយោបាយការបរទេស លើសំណុំរឿងជាច្រើន ក្នុងនោះរួមមាន ការក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែន ដោយរុស្ស៊ីកាលពីឆ្នាំ២០១៤, ប្រតិបត្តិការសម្លាប់ មេអាល់កៃដា Osama bin Laden កាលពីឆ្នាំ២០១១, និងការប្រយុទ្ធប្រឆាំងនឹងក្រុម ISIS។ មិនតែប៉ុណ្ណោះ លោក Blinken ក៏បានចូលរួម ក្នុងគោលនយោបាយអាមេរិក លើ អាហ្វហ្គានីស្ថាន, ប៉ាគីស្ថាន និងកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ផងដែរ។ នៅចុងឆ្នាំ២០១៤ លោកបានក្លាយជាអនុរដ្ឋមន្ត្រីការបរទេសអាមេរិក។
*អន្តរាគមន៍និយម
អំឡុងបំពេញការងារនៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកជំនាន់លោក បារ៉ាក់ អូបាម៉ា និងក្នុងនាមជាអនុរដ្ឋមន្ត្រីការបរទេស លោក Blinken បានបង្ហាញការគាំទ្រជា សាធារណៈចំពោះការពង្រឹងវត្តមានអាមេរិក នៅក្នុងជម្លោះស៊ីរី និងការធ្វើអន្តរាគមន៍ប្រដាប់អាវុធផ្ដួលរំលំរបបដឹកនាំលីប៊ីហ្គាដាហ្វី រួមទាំងសង្រ្គាមលុកលុយប្រទេសអ៉ីរ៉ាក់ កាលពីឆ្នាំ២០០៣។
លោក Blinken ដែលមានឪពុកម្ដាយមានដើមដំណើតជាជនជាតិជ្វីប គឺជាមនុស្សម្នាក់ដែលជឿជាក់ថា នយោបាយការទូត គួរតែដើរទន្ទឹមគ្នានឹងនយោបាយប្រើកម្លាំងបាយ នៅក្នុងករណីចាំបាច់ ដើម្បីឱ្យនយោបាយការទូត កាន់តែមានប្រសិទ្ធភាព៕
ប្រភព៖ Politico