(បូហ្គោតា)៖ រដ្ឋមន្រ្តីការពារជាតិកូឡុំប៊ី លោក ខាឡុស ហូមស៍ ទ្រូហ៊ីលឡូ (Carlos Holmes Trujillo) ដែលជាអ្នកគ្រប់គ្រងបេសកកម្មនៃរដ្ឋាភិបាល ប្រឆាំងនឹងក្រុមក្មេងទំនើង និងក្រុមឧទ្ទាមបានស្លាប់នៅថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ ក្នុងវ័យ ៦៩ឆ្នាំ ដោយសារជំងឺឆ្លងរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១។
ការស្លាប់របស់លោក Trujillo បាននាំឲ្យមានការសោកសៅ និងអាណិតអាសូរពីទីជិត និងឆ្ងាយ រួមទាំងរដ្ឋាភិបាលអាមេរិក និងអង្គការសហប្រជាជាតិ (UN) ផងដែរ។ បើតាមក្រសួងការពារជាតិកូឡុំប៊ី បានឲ្យដឹងថា លោក Trujilo ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅទីក្រុងបូហ្គូតា (Bogota) កាលពីថ្ងៃទី១១ ខែមករាកន្លងទៅនេះ និងបានទទួលការមើលថែយ៉ាងយកចិត្តទុកដាក់រយៈពេល ០៤ថ្ងៃបន្ទាប់ ខណៈសួតរបស់លោកមានបញ្ហាយ៉ាងធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា រដ្ឋមន្រ្តីការពារជាតិកូឡុំប៊ី លោក Carlos Holmes Trujillo បានកើតនៅទីក្រុង ខាលី (Cali) ភាគនិរតីនៃប្រទេសកូឡុំប៊ី ដែលលោកបានបម្រើការក្នុងរដ្ឋាភិបាលកូឡុំប៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតីចំនួន ០៦រូបមកហើយគិតចាប់តាំងពីឆ្នាំ១៩៩០ ក្នុងឋានៈជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, រដ្ឋមន្រ្តីក្រសួងអប់រំ និងជាឯកអគ្គរដ្ឋទូតផងដែរ។ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ កូឡុំប៊ីមានអ្នកឆ្លង COVID-19 សរុបជាង ២លានករណី ក្នុងនោះមានអ្នកស្លាប់ ១៣,៦០៦នាក់ និងជាសះស្បើយឡើងវិញ ១.៨៦លាននាក់៕