(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានចេញសេចក្តីអំពាវនាវយ៉ាងមុតមាំ ដើម្បីផ្សះផ្សាការបែកបាក់ពូជសាសន៍អាមេរិក ដោយបានចាត់វិធានការប្រតិបត្តិលើផ្នែកមួយចំនួន និងបានសន្យាបន្ថែមទៀត ដើម្បីប្រឈមមុខនឹងការរើសអើងពូជសាសន៍ និងការរស់នៅដោយភាពមិនស្មើភាពគ្នាដែលលោកបាននិយាយថា បានញុំាញ៉ើសហរដ្ឋអាមេរិក អស់រយៈពេលជាយូរមកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១។
លោក បៃដិន បានថ្លែងក្នុងសុន្ទរកថានៅឯសេតវិមានថា «យើងមិនដែលបានរស់នៅពេញលេញ ស្របតាមគោលការណ៍គ្រឹះនៃប្រជាជាតិនេះទេ... ដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា មនុស្សទាំងអស់ត្រូវបានបង្កើតឲ្យមានភាពស្មើគ្នា និងមានសិទ្ធិទទួលបានការគោរពស្មើគ្នា ពេញមួយជីវិតរបស់ពួកគេ គឺវាដល់ពេលហើយដែលយើងត្រូវធ្វើសកម្មភាពឥឡូវនេះ មិនត្រឹមតែដោយសារវាជារឿងត្រឹមត្រូវដែលត្រូវធ្វើនោះទេ ប៉ុន្តែប្រសិនបើយើងចាប់ផ្ដើមធ្វើវា នោះយើងនឹងកាន់តែជួបភាពប្រសើរឡើង»។
លោក បៃដិន បានគូសបញ្ជាក់បន្ថែមថា «ជាថ្មីម្តងទៀតខ្ញុំមិនទាន់ហ៊ានសន្យាថា យើងអាចបញ្ចប់វានៅថ្ងៃស្អែកបានទេ ប៉ុន្តែខ្ញុំសន្យាថាយើងនឹងបន្តធ្វើឲ្យមានវឌ្ឍនភាព ដើម្បីលុបបំបាត់ការរើសអើងពូជសាសន៍ ហើយផ្នែកទាំងអស់នៃសេតវិមាន និងរដ្ឋាភិបាលសហព័ន្ធ នឹងក្លាយជាផ្នែកមួយនៃបញ្ហានេះ»។
គួរបញ្ជាក់ថា ភាពតានតឹងខាងពូជសាសន៍ បានផ្ទុះកើតឡើងកាន់តែខ្លាំងនាអំឡុងពេលកាន់អំណាច ០៤ឆ្នាំរបស់លោក ដូណាល់ ត្រាំ។ លោក បៃដិន បានកត់សម្គាល់ថា ការវាយប្រហារទៅលើវិមានសភា កាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ ដោយក្រុមអ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ ត្រូវបានប្រព្រឹត្តិឡើងដោយ «ក្រុមចោរប្លន់, ក្រុមអ្នកបះបោរ និងក្រុមអ្នកនយោបាយជ្រុលនិយម»។ ប៉ុន្តែប្រធានាធិបតីអាមេរិករូបនេះបាននិយាយថា លោកជឿជាក់លើជនជាតិអាមេរិក ដែលឲ្យតម្លៃលើសមភាពក្នុងសង្គម៕