ព្រឹទ្ធសភាអាមេរិក ទទួលស្គាល់លោក Antony Blinken ជារដ្ឋមន្ត្រីការបរទេស (Video inside)
27-01-2021 08:45
(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងវ៉ាស៊ីនតោន) បានបោះឆ្នោតទទួលស្គាល់លោក Antony Blinken ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ សហរដ្ឋអាមេរិក ជាផ្លូវការហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១។
លោក Blinken ដែលជាទីប្រឹក្សាម្នាក់ដ៏យូរអង្វែងម្នាក់របស់លោក បៃដិន ត្រូវបានព្រឹទ្ធសភាបោះឆ្នោតទទួលស្គាល់ ក្នុងសំឡេងគាំទ្រ ៧៨ ទល់នឹង២២សំឡេងជំទាស់។ លោក Blinken ទទួលបានការគាំទ្រយ៉ាងងាយស្រួល បើធៀបទៅនឹងអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក របស់លោក ដូណាល់ ត្រាំ គឺលោក Mike Pompeo និងលោក Rex Tillerson ដែលត្រូវបានអ្នកប្រជាធិបតេយ្យភាគច្រើនជំទាស់យ៉ាងខ្លាំង។
គួរបញ្ជាក់ថា លោក Antony Blinken ត្រូវបានគេមើលឃើញថា នឹងនៅតែបន្តអនុវត្តតាមគោលនយោបាយការបរទេសមួយចំនួន របស់អតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ដោយលោកផ្ទាល់ នៅក្នុងការបង្ហាញខ្លួនចំពោះមុខសមាជិកព្រឹទ្ធសភា កាលពីសប្ដាហ៍មុន បានអះអាងថាលោកគាំទ្រចំពោះគោលនយោបាយតឹងរឹងរបស់លោក ត្រាំ ចំពោះចិន ហើយថាក៏នឹងមិនលុបចោលការសម្រេចចិត្តប្ដូរស្ថានទូតអាមេរិកទៅកាន់ទីក្រុងហ្សេរុយសាឡឹម នោះដែរ៕