(អាមេរិក)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍នៅថ្ងៃអង្គារនេះថា វត្តមាននៃវ៉ាក់សាំងបង្ការជំងឺ COVID-19 នឹងផ្តល់ថាមពលកាន់តែខ្លាំង ក្នុងការស្តារសេដ្ឋកិច្ចសាកលឡើងវិញ នៅក្នុងឆ្នាំ២០២១នេះ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ។
បន្ទាប់ពីធ្លាក់ចុះ៣,៥ភាគរយ នៅក្នុងឆ្នាំ២០២០, ជាឆ្នាំដែលអាក្រក់បំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២នោះ, សេដ្ឋកិច្ចពិភពលោក នឹងមានកំណើន៥,៥ភាគរយ នៅក្នុងឆ្នាំនេះ, នេះបើតាមការព្យាករណ៍របស់ IMF ដែលជាអង្គការផ្តល់ប្រាក់កម្ចី១៩០ប្រទេសនេះ។
តួលេខថ្មី សម្រាប់ឆ្នាំ២០២១នេះ គឺជាការកែប្រែថ្មី ពីកំណើន៥,២ភាគរយ ដែលជាការព្យាករណ៍របស់ IMF កាលពីខែតុលា ឆ្នាំមុន។
វ៉ាក់សាំង នឹងទប់ស្កាត់ការរីករាលដាលនៃវីរ៉ុស ហើយអនុញ្ញាតឲ្យរដ្ឋាភិបាលនៅជុំវិញពិភពលោក លុបចោលនូវការបិទប្រទេស និងជំរុញឲ្យមានសកម្មភាពសេដ្ឋកិច្ច ត្រឡប់មកភាពធម្មតាវិញ។ ប៉ុន្តែ IMF ក៏បានលើកឡើងដែរថា សេដ្ឋកិច្ចនៅទូទាំងពិភពលោក នឹងត្រូវការការគាំទ្រពីរដ្ឋាភិបាលរបស់ពួកគេផងដែរ ដើម្បីដើម្បីទូទាត់ការខូចខាត ពីរោគរាតត្បាតនៃវីរ៉ុស។
IMF ក៏បានរំពឹងដែរថា ការធ្វើពាណិជ្ជកម្មសាកល នឹងកើនឡើងវិញ នៅក្នុងឆ្នាំនេះ។ ដោយនឹងមានកំណើន៨,១ភាគរយ បន្ទាប់ពីធ្លាក់ចុះ៩,៦ភាគរយ កាលពីឆ្នាំមុន៕